Paris សន្យា​​​ជួយ​ Neymar ឲ្យ​​ឈ្នះ​ពាន​​​ Ballon d’Or​​

លោក​ Unai Emery គ្រូ​បង្វឹក​របស់​ក្រុម​ Paris Saint Germain បាន​ធានា​ថា​​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​មួយ​នេះ​​នឹង​ធ្វើ​​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ឲ្យ​ Neymar ឈ្នះ​ពាន​ Ballon d’Or ។

PSG បាន​បញ្ចប់​ការ​ផ្ទេរ​ Neymar តារា​បាល់ទាត់​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​​​រូប​នេះ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​ខែ​សីហា​​ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ទេរ​បំបែក​កំណត់ត្រា​ពិភពលោក​ ២២២ លាន​អឺរ៉ូ​។

មាន​ការ​អះ​អាង​​ជា​ច្រើន​​បាន​លើក​ឡើង​ថា​ Neymar ទំនង​ជា​​មិន​អាច​​​ទទួល​បាន​ឱកាស​ដើម្បី​ឈ្នះ​ពាន​ Ballon d’Or ​​ទេ​ អំឡុង​​ពេល​គាត់​លេង​នៅ​ Barcelona ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​លេង​​ពី​ក្រោយ​ស្រមោល​របស់​ Lionel Messi ។

Neymar បាន​​​​និយាយ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ថា​ការ​ឈ្នះ​ពាន​ Ballon d’Or ពុំ​​មែន​ជា​ការ​គិត​មមៃ​របស់​គាត់​ទេ​ ប៉ុន្តែ​យ៉ាង​ណា​មិញ​ PSG ហាក់​ដូច​ជា​មាន​បំណង​​ជួយ​ជ្រោម​ជ្រែង​​ឲ្យ​ខ្សែ​ប្រយុទ្ធ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ឲ្យ​ឈ្នះ​ពាន​រង្វាន់​កិត្តិយស​មួយ​នេះ​។

“Neymar គឺ​ជា​កីឡាករ​​ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​។” គ្រូ​បង្វឹក​ក្លិប​ PSG បាន​មាន​ប្រសាសន៍​។ “គាត់​អាច​ឈ្នះ​ពាន​ Ballon d’Or បាន​​ ហើយ​​យើង​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គាត់​ និង​ចង់​ជួយ​គាត់​ឲ្យ​ឈ្នះ​​ពាន​មួយ​នេះ​។”

គាត់​បន្ថែម​ ៖ “សព្វ​ថ្ងៃ​នេះ​មាន​កីឡាករ​ខ្លាំងៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ ប៉ុន្តែ​យើង​នឹង​ជួយ​ Neymar ឲ្យ​ទទួល​បាន​នូវ​ពាន​ Ballon d’Or ។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial