Mata ប្រកាស​ប្រមូល​​កីឡាករ​នៅ​លីក​អង់គ្លេស​ឱ្យ​​ចូល​​រួម​​ជា​មួយ​​គាត់​​ក្នុង​​​យុទ្ធនា​ការ​​មួយ​​

កីឡាករ​ Juan Mata កំពុង​ស្នើ​សុំ​ឲ្យ​កីឡាករ​​នៅ​ក្របខ័ណ្ឌ​ Premier League ចូល​រួម​ជាមួយ​គាត់​​ក្នុង​យុទ្ធនាការ​​បរិច្ចាគ​ ១% នៃ​ប្រាក់​ខែ​របស់​ពួក​គេ​ទៅ​ឲ្យ​​សប្បុរសធម៌​។

មក​ទល់​ពេល​នេះ​មាន​កីឡាករ​ ៦ រូប​ហើយ​បាន​ចូល​រួម​ក្នុង​យុទ្ធនាការ​របស់​ខ្សែ​បម្រើ​វ័យ​ ២៩ ឆ្នាំ​រូប​នេះ​ ប៉ុន្តែ​​នៅ​ក្នុង​​ចំណោម​ ៦ នាក់​នោះ​គឺ​គ្មាន​កីឡាករ​ណា​មួយ​រូប​ចេញ​ពី​ក្លិប​នៃ​លីក​កំពូល​របស់​អង់គ្លេស​ និង​កីឡាករ​​ណា​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ទេ​។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ Mata សង្ឃឹម​ថា​មិន​យូរ​ទេ​​​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​ Manchester United របស់​គាត់​មួយ​ចំនួន​​នឹង​ចាប់​អារម្មណ៍​ចំពោះ​យុទ្ធនាការ​មួយ​នេះ​ បន្ទាប់​ពី​គាត់​ពន្យល់​ពួក​គេ​ឲ្យ​យល់​ច្បាស់​​ពី​យុទ្ធនាការ​នេះ​​។

“ខ្ញុំ​មាន​ដំណឹង​ល្អ​ និង​ពិសេស​មួយ​​ដែល​ប្រហែល​ជា​នឹង​មក​ដល់​នា​សប្ដាហ៍​ក្រោយ​នេះ​ហើយ​។” Mata បាន​ប្រាប់​ BBC Sport ។ “ខ្ញុំ​សង្ឃឹម​​ថា​អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត​។”

“ខ្ញុំ​ពិត​ជា​ជឿ​ជាក់​ថា​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​អាច​ចូល​រួម​​យុទ្ធនាការ​នេះ​បាន​។” កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បន្ថែម​។ “ខ្ញុំ​គ្រាន់​​​តែ​ត្រូវ​ការ​​​ពេល​សន្ទនា​​លម្អិត​ជាមួយ​ពួក​គេ​​ដើម្បី​ព្យាយាម​ពន្យល់​ពួក​គេ​នូវ​អ្វី​ដែល​ពួក​យើង​​នឹង​ធ្វើ​។”

ខ្សែ​ការពារ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ក្រុម​ Bayern Munich កីឡាករ​ Mats Hummels គឺ​ជា​មនុស្ស​ដំបូង​​គេ​ដែល​បាន​ចូល​រួម​ជាមួយ​ Mata ក្នុង​ការ​បរិច្ចាគ​ប្រាក់​ខែ​របស់​ខ្លួន​​ ១% ទៅ​ឲ្យ​សប្បុរសធម៌​។

Mata បាន​ផ្លាស់​ទៅ​ Old Trafford របស់​ Man Utd ពី​ក្រុម​​តោ​ខៀវ​ Chelsea កាល​ពី​ឆ្នាំ​ ២០១៤ ក្នុង​តម្លៃ​ខ្លួន​​ ៣៧ លាន​ផោន​ និង​​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​​គាត់​រក​ចំណូល​បាន​ ៧ លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial