កិច្ច​ចរចារ​​កុងត្រា​រវាង​ Ozil និង​ Arsenal កំពុង​​ទទួល​បាន​ផល​វិជ្ជមាន​

ភ្នាក់ងារ​របស់​កីឡាករ​ Mesut Ozil បាន​និយាយ​ថា​​កិច្ច​ចរចារ​ជាមួយ​ក្រុម​កាំភ្លើង​ធំ​ Arsenal ទាក់ទង​​នឹង​ការ​​បន្ត​កុងត្រា​គឺ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​វិជ្ជមាន​មួយ​។

កុងត្រា​របស់​ Ozil នៅ​កីឡដ្ឋាន​ Emirates របស់​ Arsenal ត្រៀម​នឹង​ផុត​នា​ចុង​រដូវកាល​នេះ​ហើយ​ មាន​ន័យ​ថា​គាត់​អាច​ទៅ​ចរចារ​កិច្ច​ព្រមព្រៀង​មុន​ការ​ចុះ​កុងត្រា​​ជាមួយ​ក្លិប​​នៅ​ក្រៅ​ប្រទេស​អង់គ្លេស​ចាប់​ពី​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​។

ជា​លទ្ធផល​​អនាគត​របស់​គាត់​នៅ​ Arsenal ត្រូវ​បាន​​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​ បន្ទាប់​ពី​គាត់​បាន​ផ្លាស់​មក​កាន់​ Arsenal ពី​ក្លិប​យក្សស Real Madrid កាល​ពី​ឆ្នាំ​ ២០១៣ ។

តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Erkut Sogut ភ្នាក់ងារ​របស់​ Ozil បាន​អះអាង​ថា​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​អាច​នឹង​ស្នាក់​នៅ​ទីក្រុង​ឡុងដ៍​បន្ត​ទៀត​ និង​ថា ​Ozil ចង់លេង​នៅ​Premier League ពី​ ២ ទៅ​ ៣ ឆ្នាំ​ទៀត​។

“ការ​ចរចារ​របស់​ពួក​យើង​ជាមួយ​ Arsenal នៅ​​តែ​បន្ត​ និង​បន្ត​លើ​ផ្លូវ​​វិជ្ជមាន​មួយ​។” លោក​ Sogut បាន​និយាយ​។

Ozil មិន​បាន​ចូល​ទីលាន​ប្រកួត​តាំង​ពី​ Arsenal ឈ្នះ​ West Brom ២-០ កាល​​ពី​ថ្ងៃ​ ២៥ កញ្ញា​កន្លង​ទៅ​ម្ល៉េះ​ដោយសារ​របួស​ ហើយ​គាត់​​​ក៏​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់​​ អំឡុង​យុទ្ធនាការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​ World Cup ថ្មីៗ​នេះ​ផង​ដែរ​។

ហើយ​គាត់​នៅ​តែ​មិន​ទាន់​ត្រូវ​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​​អាច​​ចូល​លេង​បាន​វិញ​​ឬ​យ៉ាង​ណា​​នោះ​ទេ​ នៅ​ពេល​ Arsenal ប្រកួត​ជាមួយ​ Watford នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial