Kaka ប្រកាស​​​ឈប់​តកុងត្រា​​​ជាមួយ​ក្លិប​របស់​​សហរដ្ឋ​អាមេរិក​

អតីត​ខ្សែ​បម្រើ​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ និង​ក្រុម​ AC Milan កីឡាករ​ Kaka បាន​ប្រកាស​ថា​​ខ្លួន​​នឹង​មិន​តកុងត្រា​ថ្មី​​​ជាមួយ​ក្លិប​​ Orlando City ទេ​ ខណៈ​ដែល​គាត់​កំពុង​ពិចារណា​​​អំពី​ការ​ចូល​និវត្តន៍​។

ម្ចាស់​​ពាន​ Ballon d’Or ឆ្នាំ​ ២០០៧ រូប​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​​នា​សប្ដាហ៍​នេះ​ថា​គាត់​​បាត់​បង់​នូវ​​​សេចក្ដី​សុខ​ក្នុង​ការ​លេង​បាល់​ដោយសារ​​ការ​កើន​ឡើង​នូវ​​រយៈ​ពេល​នៃ​ការ​ព្យាបាល​របួស​ និង​បាន​អះអាង​ថា​ខ្លួន​អាច​នឹង​​​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​តាម​ Andrea Pirlo របស់​​ក្លិប​ New York City ដែរ​។

Kaka ត្រូវ​បាន​​ Orlando City ផ្ដល់​សំណើ​ឲ្យ​តកុងត្រា​បន្ថែម​​ទៀត​ដើម្បី​​បន្ត​លេង​នៅ​លីក​កំពូល​​របស់​​សហរដ្ឋ​អាមេរិក​ MSL សម្រាប់​ឆ្នាំ​ ២០១៨ ខណៈ​ដែល​​លោក​ Alex Leitao ប្រធាន​​នាយក​​ប្រតិបត្តិ​របស់​ក្លិប​មួយ​នេះ​បាន​ប្រាប់​ថា​​ Kaka បាន​បង្ហាញ​នូវ​ចំណង់​របស់​គាត់​ក្នុង​ការ​បន្ត​លេង​នៅ​ទីនេះ​មួយ​ឆ្នាំ​ទៀត​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​ ២ ខែ​រួច​មក​ ​​ពេល​នេះ​ Kaka សម្រេច​ចិត្ត​មិន​តកុងត្រា​បន្ថែម​ជាមួយ​ Orlando City ទេ​ ក្រោយ​ពេល​​​​បិទ​បញ្ចប់​​​រដូវកាល​របស់​ក្របខ័ណ្ឌ​ MSL ។

“ជំហាន​​ដំបូង​របស់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​របស់​ Orlando នឹង​បញ្ចប់​នា​ចុង​រដូវកាល​នេះ​។” Kaka បាន​​ថ្លែង​ដូចច្នេះ​ អំឡុង​ដែល​គាត់​​អង្គុយ​ជាមួយ​​លោក​ Leitao និង​​ម្ចាស់​ភាគហ៊ុន​​​ក្លិប​ ​Orlando City លោក​ Flavio Augusto da Silva ។

Kaka បន្ថែម​ទៀត​ថា​គាត់​​នៅ​​មិន​ទាន់​បាន​សម្រេច​ចិត្ត​លើ​ជំហាន​បន្ទាប់​របស់​គាត់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គាត់​ច្បាស់​ក្នុង​ចិត្ត​ថា​ការ​អត្ថាធិប្បាយ​​កាល​ពី​លើក​មុន​របស់​គាត់​ទាក់ទង​នឹង​លក្ខខណ្ឌ​​កាយ​សម្បទា​របស់​គាត់​នោះ​នឹង​មិន​​​ប៉ះ​ពាល់​ដល់​ការ​សម្រេច​ចិត្ត​ថា​លេង​បន្ត​ ឬ​អត់​នោះ​ទេ​។

គាត់​បន្ថែម​ ៖ “ការ​ឈឺ​ចាប់​នឹង​​ពុំ​មែន​ជា​មូលដ្ឋាន​​គ្រឹះ​​នៃ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ​។ ក្នុង​នាម​​ជា​កីឡាករ​​បាល់ទាត់​មួយ​រូប​​តែង​មាន​ការ​ឈឺ​ចាប់​ខ្លះ​ចឹង​ហើយ​ ហើយ​ត្រូវ​តែ​បូជា​រាង​កាយ​របស់​យើង​សម្រាប់​​ការ​ឈឺ​ចាប់​​នោះ​។ ហើយ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​មិន​អាស្រ័យ​នឹង​លក្ខខណ្ឌ​កាយ​សម្បទា​ទេ​…។”

Kaka ធ្លាប់​បាន​ឈ្នះ​ទាំង​​ពាន​ Champions League និង​ពាន​លីក​កំពូល​របស់​អ៊ីតាលី​(Serie A) អំឡុង​ពេល​គាត់​លេង​នៅ​ AC Milan ខណៈ​ដែល​គាត់​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៧០ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ១៩៣ ប្រកួត​ឲ្យ​ក្លិប​មួយ​នេះ​ផង​ដែរ​។​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial