អតីត​អ្នក​ចាំ​ទី​មួយ​រូប​​របស់​ Liverpool ​​ថ្លែង​អំពី​​ភាព​លំបាក​ និង​ការ​យក​ឈ្នះ​​ជម្ងឺ​បាក់​ទឹក​ចិត្ត​

អតីត​​​អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក្រុម​ហង្ស​ក្រហម​ Liverpool កីឡាករ​ Chris Kirkland បាន​បង្ហើប​ថា​​​គាត់​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ជម្ងឺ​​ធ្លាក់​​ទឹក​ចិត្ត​​​ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​គាត់​សម្រេច​ចិត្ត​ចូល​និវត្តន៍​។

​អាជីព​របស់​បុរស​វ័យ​ ៣៦ ឆ្នាំ​រូប​នេះ​​ត្រូវ​បាន​រំខាន​ដោយ​​​បញ្ហា​របួស​ ហើយ​គាត់​បាន​​បាក់​​ទឹក​ចិត្ត​ និង​​បាន​ប៉ុន​​ប៉ង​ធ្វើ​អត្តឃាត​ ប៉ុន្តែ​គាត់​និយាយ​ថា​ដោយ​​សារ​​នឹក​ឃើញ​​ដល់​ប្រពន្ធ​របស់​គាត់​ Leeona និង​កូន​ស្រី​របស់​គាត់​ Lucy បាន​ធ្វើ​ឲ្យ​គាត់​​​តស៊ូ​ជម្នះ​នឹង​​ការ​បាក់​ទឹក​ចិត្ត​ និង​ខំ​ប្រឹង​រស់​បន្ត​។

Kirkland បាន​លា​ឈប់​ពី​បាល់ទាត់​​ បន្ទាប់​ពី​គាត់​សុំ​ឲ្យ​ក្លិប​ Bury រំសាយ​កុងត្រា​របស់​គាត់​​មុន​រដូវកាល​ ២០១៦/១៧ ខណៈ​ដែល​​គាត់​​ទើប​​ចុះ​ចូល​​ជាមួយ​​ក្លិប​មួយ​នេះ​បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

“ខ្ញុំ​បាន​បារម្ភ​អំពី​ការ​ចូល​មក​ដល់​នៃ​ជំហាន​បន្ទាប់​របស់​ខ្ញុំ​ ហើយ​នោះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​និយាយ​ថា​«ខ្ញុំ​ត្រូវ​តែ​​លា​ឈប់​ពី​បាល់ទាត់​»។​” Kirkland បាន​ថ្លែង​​ប្រាប់​កាសែត​ The Guardian ។

Kirkland ធ្លាប់​លេង​ឲ្យ​ក្លិប​ជា​ច្រើន​ដូច​ជា​​ក្លិប​ Coventry, Wigan, West Brom, Leicester, Doncaster, Sheffield Wednesday និង​ Preston ហើយ​គាត់​ក៏​ជា​​​សមាជិក​​មួយ​​រូប​ផង​ដែរ​នៅ​ក្នុង​ក្រុម​កីឡាករ​របស់​ Liverpool អំឡុង​ពេល​ពួក​គេ​ឈ្នះ​ពាន​ Champions League កាល​ពី​ឆ្នាំ​ ២០០៥ ។

ដោយ​ឡែក​ទាក់ទង​​នឹង​ជម្ងឺ​​ធ្លាក់​ទឹក​ចិត្ត​​ Kirkland ដែល​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​បាន​មួយ​ប្រកួត​ដែរ​​នោះ​រូប​នេះ​បាន​ប្រាប់​ថា​វិធី​ដែល​គាត់​អាច​​ជម្នះ​​នូវ​​អារម្មណ៍​បាក់​ទឹក​ចិត្ត​នោះ​គឺ​និយាយ​ចេញ​ឲ្យ​អស់​នូវ​បញ្ហា​​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ចិត្ត​។

“វា​មិន​ពិក​បាក​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការ​និយាយ​វា​​អំពី​វា​ ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​វា​គឺ​ជា​​ដំណោះ​ស្រាយ​មួយ​។” គាត់​បាន​បន្ថែម​។ “នោះ​គឺ​ជា​រឿង​សំខាន់​ដែល​ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់​រូប​ និង​កីឡាករ​​ដែល​មាន​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​​ដឹង​​ថា​អ្នក​ត្រូវ​តែ​និយាយ​វា​ចេញ​មក​។ ខ្ញុំ​រក​មិន​ឃើញ​ដំណោះ​ស្រាយ​​​ប្រឆាំង​នឹង​បញ្ហា​​បាក់​ទឹក​ចិត្ត​ទេ​ រហូត​​ដល់​ខ្ញុំ​ចាប់​ផ្ដើម​និយាយ​អំពី​វា​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial