សុភាសិត​អាឡឺម៉ង់៖ ជន​ដែល​វង្វេង​ផ្លូវ​សាលា​ តែង​វង្វេង​ផ្លូវ​ក្នុង​ឆាក​ជីវិត

តាម​ប្រវត្តិសាស្ត្រ​តាំង​ពី​សម័យ​មុន​មក អាឡឺម៉ង់ គឺ​ជា​ប្រទេស​មួយ ដែល​សំបូរ​ដោយ​អ្នក​ប្រាជ្ញ ក៏​ដូចជា សំបូរ​ដោយ​វីរជន​ល្បីៗ​ជា​ច្រើន ហើយ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​នេះ ក៏​មិន​ចាញ់​នឹង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ នៅ​លើ​ពិភពលោក​ដែរ។

ក្នុង​សុភាសិត​អាឡឺម៉ង់​មួយ​ឃ្លា បាន​លើក​ឡើង​ថា៖ “ជន​ដែល​វង្វេង​ផ្លូវ​សាលា​ តែង​វង្វេង​ផ្លូវ​ក្នុង​ឆាក​ជីវិត“។ តើ​មាន​ន័យ​ដូច​ម្ដេច?

សុភាសិត​មួយ​ឃ្លា​នេះ ពិត​ជា​បង្កប់​នូវ​អត្ថន័យ​អប់រំ​យ៉ាង​ល្អ ទាក់​ទង​នឹង​តម្លៃ​នៃ​ការ​សិក្សា​រៀន​សូត្រ ព្រោះ​ការ​រៀន​សូត្រ នឹង​ធ្វើ​ឲ្យ​មនុស្ស​អាច​រស់​នៅ​ក្នុង​សង្គម​ដ៏​ស្អាត​ស្អំ សង្គម​ដែល​ពោរពេញ​ដោយ​សន្តិភាព និង​អាច​ដឹក​នាំ​ជីវិត​របស់​ខ្លួន​ឯង ឲ្យ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ផង​ដែរ។

មនុស្ស​ដែល​មិន​បាន​សិក្សារៀន​សូត្រ ឬ​មនុស្ស​ដែល​វង្វេង​មិន​ចូល​សាលា នឹង​ក្លាយ​ទៅ​ជា​ល្ងង់​ខ្លៅ គ្មាន​ចំណេះ​វិជ្ជា​អ្វី​សម្រាប់​ខ្លួន​ឯង​ឡើយ។ ការងារ​អនាគត​របស់​គេ គឺ​ត្រូវ​ប្រើ​កម្លាំង​បាយ​សុទ្ធ​សាធ ពោល​គឺ​ការងារ​ធ្ងន់ៗ និង​លំបាកៗ។

ដូច្នេះ​ហើយ​ការ​ខិត​ខំព្យាយាម​ទៅ​សាលា ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា​ពី​លោក​គ្រូ​អ្នក​គ្រូ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ហើយ​ក៏​មិន​អាច​ខ្វះ​បាន​ដែរ។ ចំណេះ​វិជ្ជា អាច​ចិញ្ចឹម​យើង​អស់​មួយ​ជីវិត។ ចំណេះ​វិជ្ជា ខុស​ពី​ទ្រព្យ​សម្បត្តិ ដែល​ទ្រព្យ​សម្បត្តិ​អាច​ចិញ្ចឹម​យើង​ត្រឹម​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial