រឿង៖ ស្បែកជើងកែង

មាននារីវ័យក្មេងម្នាក់ស្ម័គ្រចិត្តរៀបការជាមួយនឹង បុរសក្រីក្រម្នាក់។ នាងធ្លាប់ជាមនុស្សដែលឡូយឆាយ ប៉ុន្តែអ្វីៗប្រែប្រួលអស់នៅពេលដែល នាងរៀបការជាមួយនឹងបុរសនោះ។ ទោះបីជាយ៉ាងណាក៏ដោយ, នាងមិនខ្វល់ពីអ្វីទាំងអស់ ព្រោះស្នេហាមួយនេះជាការយល់ព្រម គ្មានការបង្ខិតបង្ខំឡើយ។

ជារឿយៗនាងតែងតែទទួលរងនូវពាក្យសំដីមើលងាយមើលថោក, ជាពិសេសពីមនុស្សដែលធ្លាប់ស្គាល់នាង។ បុរសនោះតែងតែលួងលោមនឹងនាង ហើយសន្យានឹងនាងថា នឹងនាំនាងចាកចេញពីស្ថានភាពលំបាកនេះនៅថ្ងៃណាមួយ។ គាត់សុំអោយនាងអន់ធ្មត់បន្តិច។ នាងតែងតែទទួលភាពកក់ក្តៅរាល់ពេលដែលនៅក្បែរគាត់។

ថ្ងៃមួយ, ស្វាមីរបស់នាងបាននាំនាងទៅទិញសម្លៀកបំពាក់ថ្មី។ ដើរកាត់ហាងស្បែកជើងមួយកន្លែង នាងក៏ប្រទះឃើញស្បែកជើងមួយគូស្អាតណាស់ ហើយនាងក៏ស្រលាញ់វាដែរ ប៉ុន្តែតម្លៃរបស់វាដូចជាថ្លៃពេកហើយ។ នាងក៏ដើរហួសវា ធ្វើដូចជាមិនចាប់អារម្មណ៍ ប៉ុន្តែទោះបីជាយ៉ាងណា ទង្វើរបស់នាងមិនអាចគេចផុតពីក្រសែភ្នែករបស់ស្វាមីនាងទេ។ គាត់ដឹងថានាងស្រលាញ់វាខ្លាំងណាស់ ហើយគាត់ក៏សន្យាចំពោះខ្លួនគាត់ថានឹងទិញអោយនាងអោយបាន។

ពេលត្រលប់មកផ្ទះវិញ នាងមិនសប្បាយទេ នាងក៏មិនយល់ថាមកពីអ្វីដែរ។ ប្តីរបស់នាងក៏មកសួរនាំនាង ហើយលួងលោមនាងដូចរាល់ដង ប៉ុន្តែមិនដឹងថាមកពីហេតុអ្វីទេ គាត់កាន់តែនិយាយលួងលោម នាងរឹតតែមានអារម្មណ៍ខឹង ហើយមិនសប្បាយចិត្តកាន់តែខ្លាំងឡើង រហូតឈានដល់ការមានជំលោះ។ នាងនិយាយទៅកាន់គាត់ថា៖ «ខ្ញុំហត់នឿយនឹងពាក្យអន់ធ្មត់នេះខ្លាំងណាស់…. ខ្ញុំលែងទ្រាំទៀតហើយ… យើងបែកគ្នាទៅ…»។ និយាយរួចនាងក៏ដើរចូលទៅក្នុងបន្ទប់ បិទទ្វារគ្រាំង។ នាងយំយ៉ាងខ្លាំងតែម្នាក់ឯងនៅក្នុងបន្ទប់។ បុរសជាស្វាមីមិននឹកស្មានសោះថានាងនិយាយពាក្យបែក ដោយសារតែស្បែកជើងកែងមួយគូ។ គាត់ខំលួងលោមខ្លួនឯងថា នាងគ្រាន់តែខឹងហើយនិយាយមិនបានគិត។ ទុកពេលអោយនាងបន្តិច ពេលដែលនាងត្រជាក់ចិត្តអ្វីៗនឹងល្អប្រសើរឡើងវិញ។ គាត់នៅអង្គុយក្រៅបន្ទប់ រង់ចាំប្រពន្ធរបស់គាត់បើកទ្វារ។

២ ម៉ោងក្រោយ, នាងក៏បើកទ្វារ ប៉ុន្តែនាងមិនមែនចេញមកតែម្នាក់ទេ មានទាំងវ៉ាលីខោអាវមួយផងដែរ។ នាងយួរវ៉ាលីចេញមកជាមួយនឹងទឹកភ្នែកជោគថ្ពល់របស់នាង។ នាងនិយាយលាគាត់ ហើយប្រាប់គាត់ថានាងនឹងមិនវិលត្រលប់មករកគាត់វិញទេ ហើយសុំគាត់កុំចាំនាងអី។ នាងអស់ចិត្តហើយ។ បុរសជាស្វាមីឈឺចាប់ខ្លាំងណាស់ គាត់យំអង្វរនាង ប៉ុន្តែនាងមិនផ្តល់ឳកាសអោយគាត់ទៀតទេ។ អារម្មណ៍របស់គាត់ពេលនេះ ប្រៀបដូចជាត្រូវកាំបិតចាក់ចំបេះដូងអ៊ីចឹង។ អារម្មណ៍មួយនេះមិនអាចពិពណ៌នាបានទេ។​ មិនសមណាស្បែកជើងកែងមួយគូសោះ អាចកាត់ផ្តាច់និស្ស័យរបស់គាត់ និងប្រពន្ធបានយ៉ាងងាយបែបនេះទេ។

១៥ឆ្នាំក្រោយមក, នាងក៏បានជួបអតីតប្តីរបស់នាងម្តងទៀត នៅក្នុងពិធីសម្ពាធសាខាទី ១០ នៃហាងស្បែកជើងកែងដ៏ល្បីល្បាញមួយ, ប៉ុន្តែគាត់មិនបានឃើញនាងទេ។ នាងមកចូលរួមជាភ្ញៀវកិត្តិយស ព្រោះនាងក៏ជាអ្នកគាំទ្រម៉ាកស្បែកជើងនេះផងដែរ។ បុរសនោះស្លៀកពាក់យ៉ាងស្រស់សង្ហារ គាត់ឡើងនិយាយនៅលើវេទិកាយ៉ាងអង់អាច។ ការពិតគាត់គឺជាថៅកែស្បែកជើងដ៏ល្បីនេះ។ ខណៈពេលនោះមានអ្នកកាសែតម្នាក់ បានសួរទៅកាន់គាត់ពីមូលហេតុនៃការបង្កើតហាងស្បែកជើងម៉ាកល្បីនេះ។ គាត់ក៏និយាយប្រាប់ថា គាត់ធ្លាប់ឈឺចាប់ដោយសារតែស្បែកជើងកែងមួយគូ គ្រាដែលគាត់នៅក្រ។ នេះហើយជាមូលហេតុធំបំផុតរបស់គាត់។ ហាងស្បែកជើងម៉ាកល្បីនេះគឺ តំណាងអោយមនុស្សស្រីដែលគាត់ស្រលាញ់បំផុត។ បើទោះជាពេលនេះគាត់មិនដឹងថានាងនៅទីណា ប៉ុន្តែគាត់ចង់ប្រាប់នាងថាគាត់ស្រលាញ់នាងខ្លាំងណាស់ ហើយក៏ចង់អរគុណនាងដែលធ្វើអោយគាត់មានថ្ងៃនេះ។

នៅពេលដែលនារីនោះបានលឺហើយ នាងឈឺចាប់ខ្លាំងណាស់។ នេះហើយជាទណ្ឌកម្មរបស់នាង។ នាងដើរចេញយ៉ាងអាម៉ាស់បំផុត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial