សុភាសិត​បារាំង៖ ស្នេហា​ធ្វើ​ឲ្យ​ពេល​វេលា​ដើរ​ទៅមុខ ពេលវេលា​ធ្វើ​ឲ្យ​ចំណង​ស្នេហា​ទន់​ខ្សោយ

ពេល​វេលា​​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ។ ពេល​វេលា​ដើរ​លឿន សម្រាប់​មនុស្ស​ដែល​កំពុង​មាន​ក្ដី​សុខ ហើយ​ពេល​វេលា​នឹង​ដើរ​យឺត​បំផុត សម្រាប់​មនុស្ស​ដែល​កំពុង​តែ​រង​ចាំ​នរណា​ម្នាក់។

តាម​ពិត​ទៅ ពេល​វេលា ៦០នាទី ១ម៉ោង ២៤ម៉ោង ១​ថ្ងៃ និង​១អាទិត្យ គឺ​នៅ​តែ​ដដែល​ទេ មិន​មាន​ប្រែ​ប្រួល​ឡើយ មិន​ថា​អ្នក​មាន អ្នក​ក្រ មន្ត្រី​រាជការ ឬ​កម្មករ​ទេ គឺ​ពួក​គេ​សុទ្ធ​មាន​ពេល​វេលា​ស្មើៗ​គ្នា។

ចុះ​មនុស្ស​ដែល​មាន​ស្នេហា​វិញ ពេល​វេលា​របស់​ពួក​គេ​យ៉ាង​ណា​ដែរ? ក្នុង​សុភាសិត​បារាំង​មួយ​ឃ្លា​បាន​លើក​ឡើង​ថា “ស្នេហា​ធ្វើ​ឲ្យ​ពេល​វេលា​ដើរ​ទៅមុខ ពេលវេលា​ធ្វើ​ឲ្យ​ចំណង​ស្នេហា​ទន់​ខ្សោយ”។ តើ​មាន​ន័យ​ដូច​ម្ដេច?

ជា​ការ​ពិត​ណាស់ ស្នេហា ធ្វើ​ឲ្យ​ពេល​វេលា​ដើរ​ទៅ​មុខ​យ៉ាង​លឿន តាំង​ពី​មនុស្ស​ពីរ​នាក់ មិន​ធ្លាប់​ស្គាល់​គ្នា រហូត​ក្លាយ​ជា​មិត្ត ហើយ​បន្ត​មក​ទៀត នឹង​ក្លាយ​ជា​សង្សារ​គ្នា មិន​យូរ​ប៉ុន្មាន​ពួក​គេ​នឹង​អាច​រៀប​ការ​ជា​មួយ​គ្នា​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ផង​ដែរ។

ប៉ុន្តែ​ ពេលវេលា​ក៏​ធ្វើ​ឲ្យ​ចំណង​ស្នេហា​ទន់​ខ្សោយ​ដែរ ព្រោះ​ពេល​វេលា​ដែល​មនុស្ស​ពីរ​នាក់​ធ្លាប់​ស្រឡាញ់​គ្នា តែ​មិន​សូវ​បាន​ជួប​មុខ​គ្នា មិន​សូវ​បាន​នៅ​ជា​មួយ​គ្នា​យូរៗ​ទៅ នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហា​របស់​ពួក​គេ​ត្រូវ​បាត់​បង់។ មាន​គូ​ស្នេហ៍​មួយ​ចំនួន សុខ​ចិត្ត​បែក​គ្នា ព្រោះ​ពួក​គេ​រវល់​រៀងៗ​ខ្លួន គ្មាន​ពេល​ជួប​គ្នា។ ដូច្នេះ​ហើយ​យើង​គួរ​តែ​ចែក​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​ពេល​វេលា ផ្ដល់​ផល​ល្អ​ផង និង​ផល​អាក្រក់​ផង ចំពោះ​ចំណង​ស្នេហា។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial