ពាក្យ​ទំនៀម​ដែល​មនុស្ស​ភាគ​ច្រើន​តែងតែ​ច្រឡំ​អំពី​ន័យ​ពិត​របស់​វា៖ «បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់»

ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​តែង​តែ​យល់​ច្រឡំ​ចំពោះ​ពាក្យ​ទំនៀម​ខាង​លើ​នេះ រហូត​ដល់​គេ​យក​វា​ទៅ​ប្រើ​ក្នុងការ​និយាយ​លេង​ដោយ​យល់​ច្រឡំ​ថា ន័យ​របស់​វា​មាន​ភាព​អវិជ្ជមាន​ជា​ពិសេស​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន​ជា​ដើម។

ពាក្យ​មួយ​ឃ្លា​នេះ​ផង​ដែរ គេ​បែរ​ជា​យល់​ន័យ​ដោយ​ច្រឡំ​ថា មនុស្ស​មួយ​ចំនួន​តែង​តែ​ធ្វើ​បុណ្យ​ទាន​ជា​និច្ច ហើយ​ទន្ទឹម​នឹង​ការ​ធ្វើបុណ្យ​នោះ​ផង​ដែរ ពួក​គេ​ក៏​តែង​តែ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ដែល​ជា​អំពើ​ពុំ​គប្បី​ក្នុង​ការ​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ ក៏​ដូចជា សម្រាប់​ធ្វើ​បុណ្យ​ទាន​ផ្សែងៗ។

ប៉ុន្តែ​ជា​ការ​ពិត ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ មាន​ន័យ​សម្រាប់​អប់រំ​ចិត្ត​មនុស្ស​ទៅ​វិញ​ទេដែល​ជា​ន័យ​ប្រាកដ​ត្រឹមត្រូវ “បុណ្យ​ក៏​ធ្វើ​ឈើ​ក៏​កាប់” មាន​ន័យ​ថា ឱ្យ​យើង​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ចេះ​ធ្វើ​បុណ្យ​ទាន​សាង​កុសល​ប្រព្រឹត្ត​អំពើ​ល្អស្រប​តាម​ពុទ្ធ​ឱវាទ​របស់​ព្រះ​សមា្ម​សម្ពុទ្ធ។

ចំពោះ​ឃ្លា​ឈើ​ក៏​កាប់ មាន​ន័យ​ថា ឱ្យ​យើង​ចេះ​កាប់​ឈើ​ទាំង​បី​ធំៗ​ដែល​តែង​តែ​ធ្វើ​ឱ្យ​មនុស្ស​មាន​សេចក្តី​ទុក្ខ​ពោល​គឺ ឈើ​ទោសៈ ឈើ​មោហៈ និង​ឈើ​លោភៈ ការ​កាប់​ឈើ​ទាំងបី​នេះ​គឺ​មាន​ន័យ​ថា យើង​ចេះ​រំលត់​នូវ​សេចក្តី​ខឹង​គ្រោធ ចិត្ត​កំហឹង​ទាំង​ឡាយ កំចាត់​នូវ​សេចក្តី​ល្ងង់ខ្លៅ និង​ចិត្ត​លោភ​លន់​ទាំង​អម្បាល​មាន ដែល​តែង​តែ​ធ្វើ​ឱ្យ​មនុស្ស​គ្មាន​សេចក្តី​សុខ។ បើសិន​ជា​ជន​ណា​បាន​កាប់​ឈើ​ទាំង​បី​នេះ ចេញ​ពី​ចិត្ត​ហើយ​នោះ​មាន​ឈ្មោះ​ថា ជា​ជន​ដែល​ទទួល​បាន​នូវ​សេចក្តី​ស្ងប់​សុខ​នៅ​ក្នុង​ជីវិត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial