ទឹកចិត្តម្តាយគឺធំធេងណាស់៖ ម្តាយម្នាក់សុខចិត្តជិះរាប់រយគីឡូ ព្រោះចង់យកនំដែលកូនចូលចិត្តញុំាមកផ្ញើ

មានតែម្តាយទេដែលដឹងច្បាស់ថាកូនចូលចិត្តអ្វី និងមិនចូលចិត្តអ្វី។ ហើយមានតែក្តីស្នេហារបស់ម្តាយតែម្នាក់គត់ ដែលមិនចេះសាបសូន្យ។ ម្តាយគ្រប់រូបតែងតែស្រលាញ់ និងនៅតែចាត់ទុកកូនជាកូនក្មេងដែលមិនទាន់ធំ មិនថាពួកគេមានអាយុច្រើនប៉ុណ្ណាទេ។ តួយ៉ាងស្ត្រីម្នាក់ដែលនៅក្នុងអត្ថបទនេះ សុខចិត្តជិះពីនាយធ្លាក់ដល់អាយ ដោយគ្រាន់តែចង់យកនំដែលកូនចូលចិត្តញុំាមកកូនប្រុសជាទីស្រលាញ់។

កូនប្រុសរបស់គាត់ដែលមានឈ្មោះថា Xiao Fei បានផ្លាស់មករស់នៅ Beijing ដើម្បីមកធ្វើការរយៈពេល ៥ ឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំគាត់តែងតែធ្វើដំណើរត្រលប់ទៅលេងផ្ទះនៅឯខេត្ត Shanxi នៅភាគខាងជើងនៃប្រទេសចិន ដើម្បីប្រារព្វពិធីសែនព្រះខែ ដូចយុវជនវ័យក្មេងស្របាក់ស្របាលនឹងគាត់ដែរ។ ដោយឡែកឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គាត់មានគម្រោងថានឹងទៅចូលរួមពិធីសែនលោកខែជាមួយនឹងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែចៃដន្យដល់ថ្ងៃនោះគាត់មានការងារបន្ទាន់ដែលត្រូវបំពេញ ទើបធ្វើអោយគាត់ខកខានមិនបានទៅចូលរួមសែន។

នៅពេលដែលម្តាយរបស់គាត់ដឹងថាគាត់ជាប់រវល់ មិនអាចទៅសែនបាន ទើបម្តាយរបស់គាត់សម្រេចចិត្តថាមករកគាត់វិញ។

ជារៀងរាល់ឆ្នាំម្តាយរបស់ Xiao Fei តែងតែដុតនំលោកខែ ដែល Xiao Fei ចូលចិត្តញុំាដោយខ្លួនគាត់ផ្ទាល់។ គាត់បានដាក់នំចំណីដែលកូនគាត់ចូលចិត្តពេញក្នុងវ៉ាលី ហើយជិះរាប់រយគីឡូមក Beijing ដើម្បីយកមកអោយកូនប្រុស។

Xiao Fei រំភើបចិត្តនូវអ្វីដែលម្តាយរបស់គាត់បានធ្វើ ហើយគាត់ក៏បានថតរូបរួចបង្ហោះលើបណ្តាញសង្គម។ មានមនុស្សជាច្រើនរំភើបចិត្ត ក៏ដូចជារីករាយនៅពេលដែលបានឃើញទង្វើម្តាយរូបនេះ។ ហើយក៏មានមនុស្សជាច្រើនបាននិយាយថាគាត់ជាម្តាយដែលល្អខ្លាំងណាស់។ Xiao Fei ពិតជាសំណាងខ្លាំងណាស់ដែលមានម្តាយដូចគាត់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial