Andrea Pirlo បដិសេធ​​​​​​ថា​គាត់​​គ្រោង​ទៅ​ធ្វើ​ជំនួយ​គ្រូ​បង្វឹក​នៅ​​ Chelsea

កីឡាករ​ Andrea Pirlo បាន​​​​បដិសេធ​ដើម្បី​ច្រាន​ចោល​ពាក្យ​ចរចាម​អារ៉ាម​ថា​គាត់​ចង់​ទៅ​ធ្វើ​ជា​​ជំនួយ​ការ​​គ្រូ​បង្វឹក​​របស់​​ក្រុម​តោ​ខៀវ​ Chelsea ក្រោយ​ការ​ចូល​និវត្តន៍​របស់​គាត់​ពី​ការ​លេង​បាល់ទាត់​។

ខ្សែ​បម្រើ​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ​​ក្លឹប​បាល់ទាត់​របស់​សហរដ្ឋ​អាមេរិក​ New York City ប៉ុន្តែ​គាត់​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា​​​នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​នា​ចុង​រដូវកាល​នៃ​​ក្របខ័ណ្ឌ​ Major League Soccer នៅ​ក្នុង​វ័យ​ ៣៨ ឆ្នាំ​។

Pirlo បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Antonio Conte ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​របស់​ Chelsea នោះ​ទាំង​នៅ​ Juventus និង​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី​ អំឡុង​ពេល​​​អាជីព​​របស់​គាត់​កាក់​កប​ខ្លាំង​ ខណៈ​ដែល​គាត់​បាន​ឈ្នះ​ពាន​ក្នុង​លីក​កំពូល​របស់​អ៊ីតាលី​ Serie A ៦ លើក​, Champions League ពីរ​លើក​ និង​​ឈ្នះ​​ពាន​ World Cup ម្ដង​ផង​ដែរ​ជាមួយ​ជម្រើស​ជាតិ​អ៊ីតាលី​។

ហើយ​គាត់​បាន​​ឆ្លើយ​បដិសេធ​​ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​​ទាក់ទង​​នឹង​​ការ​រំពឹង​ទុក​ថា​គាត់​នឹង​ទៅ​រួម​ការងារ​​​ជា​ថ្មី​ជាមួយ​លោក​ Conte នៅ​ឯ​កីឡដ្ឋាន​ Stamford Bridge របស់​ Chelsea ក្នុង​ឋានៈ​ជា​ជំនួយ​ការ​។

“ខ្ញុំ​មិន​ទាន់​ដឹង​អំពី​អនាគត​របស់​ខ្ញុំ​នៅ​ឡើយ​ទេ​។” Pirlo បាន​​ប្រាប់​​កាសែត​ Gazetta dello Sport ។ “ខ្ញុំ​នឹង​ត្រលប់​ទៅ​អ៊ីតាលី​វិញ​​នា​ខែ​ធ្នូ​ខាង​មុខ​។”

“​​ធ្វើ​ជា​ជំនួយ​ការ​របស់​​លោក​ Conte ឬ?​” គាត់​បាន​បន្ថែម​។ “មនុស្ស​ម្នា​កំពុង​​និយាយ​អំពី​​រឿង​នេះ​។ ខ្ញុំ​​ក៏​មាន​គំនិត​​​របស់​ខ្ញុំ​ដែរ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការ​​ពេល​វេលា​ដើម្បី​សម្រេច​ចិត្ត​។”

Pirlo បាន​ចំណាយ​ពេល​ ៣ ឆ្នាំ​​កន្លង​មក​នេះ​​លេង​នៅ​ New York ប៉ុន្តែ​គាត់​បង្ហាញ​ខ្លួន​បាន​តែ​ ១៥ ប្រកួត​ប៉ុណ្ណោះ​​​នៃ​ ៣២ ប្រកួត​របស់​ក្លិប​រដូវកាល​នេះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial