អតីត​គ្រូ​បង្វឹក​ Paris ថា​បារាំង​ត្រូវ​​តែ​​​ឡើង​​ទៅ​ប្រកួត​ពាន​ World Cup

លោក​ Laurent Blanc អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ Paris Saint Germain និង​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​បន្ថែម​សម្ពាធ​ទៅ​លើ​ក្រុម​​កីឡាករ​ជម្រើស​​ជាតិ​​បារាំង​ ដោយ​ប្រាប់​​ពួក​គេ​ថា​​ត្រូវ​តែ​​កក់​កៅអី​វគ្គ​ ៣២ ក្រុម​នៃ​​ការ​ប្រកួត​ពាន​ World Cup នៅ​ប្រទេស​រុស្ស៊ី​ឲ្យ​​បាន​ ហើយ​បន្ទាប់​មក​ត្រូវ​តែ​ប្រកួត​ប្រជែង​​​ឲ្យ​ឈ្នះ​ដើម្បី​​នាំ​ពាន​មួយ​​នេះ​ត្រលប់​មក​ប្រទេស​បារាំង​វិញ​។

បារាំង​មាន​ក្រុម​កីឡាករ​​ឆ្នើមៗ​​​បំផុត​មួយ​នៅ​ក្នុង​​ពិភព​បាល់ទាត់​ និង​ត្រូវ​បាន​គេ​រំពឹង​ថា​ពួក​គេ​នឹង​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​វគ្គ​ជម្រុះ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ ដើម្បី​កក់​កៅអី​​ទៅ​វគ្គ​ ៣២ ក្រុម​បាន​ ប៉ុន្តែ​​ការ​ប្រកួត​​នៅ​ក្នុង​ពូល​ A របស់​ពួក​គេ​​គឺ​មាន​ភាព​ស្វិត​ស្វាញ​មែន​ទែន​។

ពេល​នេះ​បារាំង​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ A ជាមួយ​និង​ ២ ប្រកួត​ទៀត​នៅ​ក្នុង​ដៃ​ ខណៈ​ដែល​ពួក​គេ​មិន​ទាន់​ធានា​បាន​​កៅអី​​​នៅ​​វគ្គ​ ៣២ ក្រុម​​សម្រាប់​ការ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០១៨ ខាង​មុខ​នៅ​ប្រទេស​រុស្ស៊ី​នៅ​ឡើយ​។

បារាំង​ត្បិត​តែ​​​ឈរ​លើ​កំពូល​តារាង​ក៏​ពិត​មែន​ តែ​ពួក​គេ​ឈ្នះ​ពិន្ទុ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​​ ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​​សម្រាប់​ ២ ប្រកួត​ចុង​ក្រោយ​របស់​បារាំង​នា​វគ្គ​ជម្រុះ​គឺ​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​ប៊ុលហ្គារី​​ និង​បេឡារ៉ុស​។

“ខ្ញុំ​ជឿ​ទុក​ចិត្ត​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង​។” លោក​ Blanc បាន​និយាយ​។ “ពួក​គេ​មាន​​កីឡាករ​ឆ្នើមៗ​ ដូចនេះ​ខ្ញុំ​សង្ឃឹម​ថា​​បារាំង​នឹង​ឡើង​ទៅ​​ World Cup​ ហើយ​ពួក​គេ​ត្រូវ​​តែ​ឡើង​ទៅ​ឲ្យ​បាន​។”

បុរស​វ័យ​ ៥១ ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ៖ “ប្រសិន​បើ​​យើង​អាច​ឡើង​ទៅ​មែន​ យើង​នឹង​​ទទួល​បាន​កៅអី​មួយ​។ ហើយ​សួរ​​ថា​តើ​​យើង​នឹង​ឈ្នះ​ពាន​ World Cup អត់?​ ជា​ការ​ពិត​​គឺ​យើង​​ឡើង​ទៅ​ដើម្បី​ឈ្នះ​​វា​ហ្នឹង​ហើយ​​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial