​លោក Heynckes បាន​ដាច់​ចិត្ត​​មក​ដឹកនាំ​ Bayern Munich ម្ដង​ទៀត​

ក្រុម​ Bayern Munich បាន​តែង​តាំង​អតីត​គ្រូ​បង្វឹក​របស់​ពួក​គេ​គឺ​លោក​ Jupp Heynckes ជា​អ្នក​ចាត់​ការ​ទូទៅ​រហូត​ដល់​ចប់​រដូវកាល​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​បណ្ដេញ​លោក​ Carlo Ancelotti ចេញ​ពី​តំណែង​មួយ​នេះ​។

Ancelotti ត្រូវ​បាន​ក្លឹប​​នៃ​លីក​កំពូល​របស់​អាល្លឺម៉ង់​មួយ​នេះ​បណ្ដេញ​ពី​តំណែង​កាល​ពី​ខែ​មុន​ ខណៈ​ដែល​ Bayern Munich ឈរ​​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​ Bundesliga ដោយ​តាម​ពី​ក្រោយ​​ក្រុម​​កំពូល​តារាង​ Borussia Dortmund ចំនួន​ ៥ ពិន្ទុ​។

និយាយ​ពី​លោក​ Heynckes ដែល​មាន​​វ័យ​ ៧២ ឆ្នាំ​រូប​នេះ​វិញ​បាន​ដឹកនាំ​ Bayern បី​ដង​រួច​មក​ហើយ​ ដោយ​​ការ​​ដឹកនាំ​ចុង​ក្រោយ​បង្អស់​របស់​គាត់​គឺ​នៅ​ក្នុង​​ឆ្នាំ​ ២០១៣ ជា​ឆ្នាំ​ដែល​គាត់​បាន​ជួយ​ឲ្យ​ Bayern ឈ្នះ​ពាន​ Champions League, Bundesliga និង​ German Cup ។

“ខ្ញុំ​នឹង​​មិន​ត្រលប់​ទៅ​ដឹកនាំ​ក្លិប​​ណា​​ផ្សេង​ទៀត​ទេ​​​នៅ​លើ​ពិភពលោក​នេះ​។” លោក​ Heynckes បាន​និយាយ​។ “Bayern Munich គឺ​ជា​​ក្លិប​ដែល​​ស្ថិត​នៅ​ជិត​បេះដូង​របស់​ខ្ញុំ​បំផុត​​។”

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖​ “ខ្ញុំ​ និង​ជំនួយ​ការ​ផ្សេង​ទៀត​របស់​ខ្ញុំ​​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​នាំ​ភាព​ជោគជ័យ​​មក​ជូន​អ្នក​គាំទ្រ​វិញ​។ ហើយ​ខ្ញុំ​កំពុង​ទន្ទឹង​ចាំ​ការ​ប្រកួត​ប្រជែង​មួយ​នេះ​។”

គួរ​រំលឹក​ផង​ដែរ​ថា​លោក​ Heynckes បាន​ពិចារណា​ក្នុង​​ការ​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​ ២០១៣ បន្ទាប់​ពី​គាត់​ត្រូវ​បាន​ជំនួស​ដោយ​លោក​ Pep Guardiola ហើយ​ពេល​នោះ​គាត់​បាន​និយាយ​ថា​ខ្លួន​នឹង​​លែង​ដឹកនាំ​ក្លិប​នៅ​​លីក​​កំពូល​របស់​អាល្លឺម៉ង់​​នេះ​ទៀត​​ហើយ​​។

ប៉ុន្តែ​ពេល​នេះ​គាត់​នឹង​​ឡើង​ដឹកនាំ​ Bayern Munich ម្ដង​ទៀត​នៅ​ថ្ងៃ​ចន្ទ​ ហើយ​​ការ​ប្រកួត​ដំបូង​ក្រោម​ការ​ដឹកនាំ​​លើក​ទី​ ៤ របស់​គាត់​នោះ​គឺ​ Bayern Munich នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ SC Freiburg នៅ​ថ្ងៃ​ទី​ ១៤ ខាង​មុខ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial