Iniesta បាន​ចុះ​កុងត្រា​មួយ​ជីវិត​នៅ​ Barcelona

ខ្សែ​បម្រើ​​របស់​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona ​កីឡាករ​ Andres Iniesta បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​​មួយ​ជីវិត​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​។

Iniesta បង្ហាញ​ខ្លួន​បាន​ ៦៣៩ ប្រកួត​​ឲ្យ​ Barcelona ដែល​ចំនួន​នេះ​ធ្វើ​ឲ្យ​គាត់​​​ក្លាយ​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ឲ្យ​ Barcelona បាន​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី​ ២ និង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៥៥ គ្រាប់​ផង​ដែរ​។

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​​បាន​ចូល​ហ្វឹក​ហាត់​ជាមួយ​​ថ្នាល​យុវជន​​របស់​ក្លឹប​ Barcelona នៅ​ក្នុង​ឆ្នាំ​ ១៩៩៦ ដែល​កាល​នោះ​គាត់​អាយុ​ ១២ ឆ្នាំ​ និង​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ដំបូង​របស់​ខ្លួន​ឲ្យ​ Barcelona ឈុត​ធំ​នៅ​ក្នុង​ឆ្នាំ​ ​២០០២ ហើយ​បាន​ឈ្នះ​ពាន​ La Liga ៨ ដង​ និង​ Champions League ចំនួន​ ៤ ដង​នៅ​​ទីនេះ​។

សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​ក្លឹប​ Barcelona បាន​សរសេរ​ថា​ ៖​ “កីឡាករ​ Andres Iniesta បាន​ចុះ​ហត្ថលេខា​លើ​កុងត្រា​​មួយ​ជីវិត​ជាមួយ​ក្លឹប​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ក្នុង​កុងត្រា​នោះ​​នឹង​​រក្សា​គាត់​នៅ​ទីនេះ​សម្រាប់​ពេល​វេលា​​ដែល​នៅ​សេស​សល់​នៃ​អាជីព​របស់​គាត់​។”

ចំណែក​ឯ​កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ៖ “នេះ​គឺ​ជា​ថ្ងៃ​ពិសេស​មួយ​សម្រាប់​ខ្ញុំ​ ព្រោះ​ខ្ញុំ​នឹង​​​ស្នាក់​នៅ​ផ្ទះ​របស់​​ខ្ញុំ​បន្ត​ទៀត​ និង​​ជា​កន្លែង​ដែល​ខ្ញុំ​អាច​បន្ត​​នូវ​ក្ដី​ស្រមៃ​នៃ​ការ​សម្រេច​បាន​រឿង​អស្ចារ្យ​ជា​​ច្រើន​សម្រាប់​ក្លឹប​មួយ​នេះ​។ Barcelona គឺ​ជា​កន្លែង​ដែល​ខ្ញុំ​បាន​រីក​ធំ​ធាត់​​ និង​​​រីក​ចម្រើន​​ឡើង​។”

Iniesta ត្រូវ​បាន​ក្លឹប​លើក​ឲ្យ​ធ្វើ​​ជា​ប្រធាន​ក្រុម​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial