Mourinho បង្ហើប​ឲ្យ​ដឹង​ពី​វិធី​​សាស្ត្រ​ដែល​គាត់​បាន​កែ​ខ្លួន​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​​ម្នាក់​

គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ Manchester United លោក​ Jose Mourinho បាន​បង្ហើប​ឲ្យ​ដឹង​ថា​ការ​បន្ថែម​ការ​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួន​​​​​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​​អ្នក​​ចាត់​ការ​ទូទៅ​កាន់​តែ​​ប្រសើរ​មួយ​រូប​។

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​​មិន​មែន​ជា​​មនុស្ស​ថ្មី​ទេ​ដែល​តែង​​មាន​រឿង​ចម្រូង​ចម្រាស​កាល​ពី​អតីតកាល​​ ដោយ​ជា​ញឹក​ញាប់​គាត់​ត្រូវ​បាន​​គេ​ចោទ​ប្រកាន់​ថា​​លេង​ហ្គេម​ចិត្ត​សាស្ត្រ​នៅ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​​ដើម្បី​មាន​ប្រៀប​លើ​កម្លាំង​ចិត្ត​របស់​គូ​ប្រកួត​។

ស្រដៀង​គ្នា​នេះ​ដែរ​ Mourinho ត្រូវ​បាន​គេ​បណ្ដេញ​ឲ្យ​ទៅ​ឈរ​នៅ​កន្លែង​អ្នក​ទស្សនា​មិន​តិច​ជាង​ ២ ទៅ​ ៣ ដង​ឡើយ​ដោយ​សារ​ការ​​ប៉ះ​ទង្គិច​របស់​គាត់​ជាមួយ​មន្ត្រី​អាជ្ញា​កណ្ដាល​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ Man Utd ដែល​ត្រូវ​បាន​គេ​​​រាយការណ៍​ឲ្យ​ដឹង​ថា​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ជួល​លោក​ Mourinho ដោយ​សារ​តែ​ឥរិយាបថ​របស់​គាត់​នោះ​នឹង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​​វិញ​ដោយ​ការ​អះអាង​របស់​គាត់​ថា​​ឥឡូវ​នេះ​គាត់​អាច​​គ្រប់គ្រង​​ទៅលើ​បុគ្គលិក​លក្ខណៈ​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​គាត់​បាន​ប្រសើរ​ជាង​មុន​ហើយ​។

“ពេល​នេះ​ខ្ញុំ​គឺ​ជា​គ្រូ​បង្វឹក​​មួយ​រូប​ដែល​ល្អ​ប្រសើរ​ជាង​​ពី​មុន​ ពី​ព្រោះ​ខ្ញុំ​អាច​គ្រប់​គ្រង​អារម្មណ៍​​របស់​ខ្ញុំ​បាន​។” Mourinho បាន​​ថ្លែង​ប្រាប់​កាសែត​របស់​ព័រទុយហ្គាល់​ Record ដូច្នេះ​។

អតីត​គ្រូ​បង្វឹក​របស់​ក្រុម​តោ​ខៀវ​ Chelsea រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖​ “សព្វ​ថ្ងៃ​នេះ​ខ្ញុំ​ប្រឈម​មុខ​នឹង​ការ​លំបាក​ជាមួយ​នឹង​ភាព​​ចាស់​ទុំ​ មាន​ន័យ​ថា​ខ្ញុំ​រក្សា​ជើង​របស់​ខ្ញុំ​នៅ​លើ​ដី​។”

ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Mourinho រដូវកាល​នេះ​ក្រុម​បិសាច​ក្រហម​បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​​​នៅ​ក្នុង​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ​ Premier League ដោយ​ទទួល​បាន​ជ័យ​ជម្នះ​ ៦ លើក​ និង​ស្មើ​ ១ លើក​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​រដូវកាល​​ ហើយ​ពេល​នេះ​ពួក​គេ​​ឈរ​នៅ​​ចំណាត់​ថ្នាក់​​លេខ​ ២ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​មួយ​នេះ​​ និង​ស្មើ​ពិន្ទុ​ជាមួយ​​​ក្រុម​កំពូល​តារាង​ Manchester City ដោយ​ចាញ់​តែ​គម្លាត​គ្រាប់​បាល់​តែ​ប៉ុណ្ណោះ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial