ស្រឡាញ់​គ្នា​បែប​ណា ទើប​មិន​ឈឺ​ចាប់?

ពាក្យ​ថា “ស្រឡាញ់” ពិត​ជា​ងាយ​ស្តាប់ ងាយ​សរសេរ ងាយ​អាន និង​ងាយ​យល់​ពី​អត្ថន័យ​របស់​វា​ណាស់ ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​អនុវត្តន៍​ឱ្យ​បាន​ដូច​ន័យ​របស់​វា​ណាស់ ហើយ​វា​រឹតតែ​ពិបាក​ជាង​នេះ​ទៀត​នោះ គឺ​ត្រូវ​ស្រឡាញ់​មនុស្ស​ម្នាក់​បែប​ណា​ទៅ ទើប​ធ្វើ​ឱ្យ​យើង​គ្មាន​របួស​បេះដូង។

ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ដែល​យើង​គួរ​យក​ទៅ​ពិចារណា ដើម្បី​ស្វែង​រក និង​ស្រឡាញ់​មនុស្ស​ម្នាក់​កុំ​ឱ្យ​ឈឺ​ចាប់៖

ស្រឡាញ់​នរណា​ដែល​គេ​ស្រឡាញ់​យើង៖ មាន​ន័យ​ថា បើ​យើង​មិន​ចង់​ឈឺ​ចិត្ត​យើង​គប្បី​ស្រឡាញ់​មនុស្ស​ម្នាក់​ណា​ដែល​គេ​មាន​ចិត្ត​ឱ្យ​យើង ព្រោះថា គេ​នឹង​បំពេញ​ឱ្យ​យើង​គ្រប់​យ៉ាង​នូវ​ក្តី​ស្រឡាញ់ ដោយ​យើង​មិន​ចាំ​បាច់​ហត់ ក្នុង​ការ​តាម​ស្រឡាញ់​គេ​តែ​ម្ខាង​នោះ​ទេ។

ស្រឡាញ់​នរណា​ដែល​ប្រាកដ​ប្រជា​ជា​មួយ​យើង៖ ស្នេហា​លេងៗ​ពិត​ជា​មាន​ច្រើន​ជាង​ស្នេហា​ពិត បើ​យើង​មិន​ចង់​ឈឺ​ចាប់​កុំ​សាកល្បង​លេង​សើច​ជា​មួយ​ស្នេហា​លេងៗ យើង​ត្រូវ​ជ្រើស​មនុស្ស​តែ​ម្នាក់ ដែល​គេ​តែងតែ​បង្ហាញ​ថា គេ​ពិត​ជា​ចង់​ក្រាប​ក្បាល​ដល់​ន្ទេលជាមួយ​យើង​ក្នុង​ភាព​ជា​គូ​ជីវិត។

ស្រឡាញ់​នរណា​ដែល​ហ៊ាន​ទទួល​យក​នូវ​គ្រប់​ចំណុច​ល្អ និង​អាក្រក់​របស់​យើង៖ ប្រាកដ​ណាស់​ថា បើ​យើង​រក​ឃើញ​មនុស្ស​ម្នាក់ ដែល​អាច​ទទួល​យក​រឿង​គ្រប់​យ៉ាង​ពី​យើង​បាន​ហើយ យើង​នឹង​ជួប​ស្នេហ៍​ពិត​ជា​ពុំខាន។

ស្រឡាញ់​នរណា​ដែល​គេ​តែងតែ​ចាត់​ទុក​យើង​ជា​មនុស្ស​សំខាន់​គ្រប់​ពេល៖ មនុស្ស​សំខាន់​មាន​ន័យ​ថា នៅ​គ្រប់​កាលៈទេសៈ គេ​ចាំ​យើង​ជា​និច្ច គេ​ផ្តល់ភាព​សំខាន់​ឱ្យ​យើង​មុន​គេ​នៅ​ក្នុង​បេះដូង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial