រឿង៖ បុរសអ្នកតម្បាញ

ជាយូរលង់ណាស់មកហើយ, នៅក្នុងភូមិមួយមានបុរសក្រីក្រម្នាក់ ប្រកបរបរជាអ្នកតម្បាញ។ តាំងពីព្រលឹមទល់ព្រលប់ គាត់តម្បាញបានតែសំពត់មួយតែប៉ុណ្ណោះ, ដោយសារតែកីតម្បាញរបស់គាត់ចាស់ពេក តែគាត់គ្មានប្រាក់ទិញវាថ្មីទេ។

ថ្ងៃមួយ, ខណៈពេលដែលគាត់កំពុងតែតម្បាញ ស្រាប់តែកីតម្បាញរបស់គាត់បាក់ជាពីរ។ គាត់ក៏ដើរទៅក្នុងព្រៃ​ ដើម្បីរកឈើមកជួសជុលវា។ គាត់ដើរកាន់តែជ្រៅទៅៗ ក៏ប្រទះឃើញដើមឈើធំមួយ។ គាត់ពេញចិត្តនឹងដើមឈើនោះខ្លាំងណាស់។ គាត់គិតថានឹងទៅកាប់វា ស្រាប់តែភ្លាមនោះដើមឈើនោះនិយាយទៅកាន់បុរសនោះថា៖

ដើមឈើ៖ ចៅអើយ! កុំកាប់ដើមឈើនេះអី។ តាជាអ្នកតាថែរក្សាព្រៃនេះ ហើយដើមនេះ ជាលំនៅរបស់តា។
បុរស៖ អូ… អ្នកតាព្រៃឈើអើយ….!! ខ្ញុំនេះក្រខ្លាំងណាស់, បើខ្ញុំមិនកាប់ទេ តើខ្ញុំបានឈើពីមកធ្វើកីតម្បាញបានទៅ ព្រោះកីតម្បាញរបស់ខ្ញុំបាក់ខូចហើយ។ បើខ្ញុំគ្មានកីតម្បាញទេ តើខ្ញុំបានអីតម្បាញសំពត់យកទៅលក់? បើគ្មានសំពត់យកទៅលក់ទេ ប្រពន្ធ និងកូនរបស់ខ្ញុំនឹងដាច់ពោះស្លាប់មកខានទេ។ ខ្ញុំមិនអាចអោយប្រពន្ធ និងកូនរបស់ខ្ញុំស្លាបនោះទេ។

អ្នកតាព្រៃលឺហើយក៏និយាយតបនឹងបុរសនោះវិញថា, «ចៅអើយ! តាអាណិតចៅខ្លាំងណាស់។ ចៅមិនចាំបាច់កាប់ដើមឈើនេះទេ ហើយតានឹងអោយប្រាថ្នាចៅមួយ។ តើចៅចង់បានអីដែរ?»

បុរស៖ (សើចដោយសេចក្តីត្រេកអរ…) អេះក្បាល!!! តែពេលនេះខ្ញុំមិនដឹងថាសុំអីពីតាទេ។ ខ្ញុំសុំទៅផ្ទះពិភាក្សាជាមួយនឹងប្រពន្ធ ហើយនឹងមិត្តភក្តិរបស់ខ្ញុំសិនបានទេ លោកតា?
អ្នកតា៖ បាន… អ៊ីចឹងចៅត្រលប់ទៅផ្ទះសិនទៅ។ ស្អែកចាំត្រលប់មកជួបតាវិញ។

បុរសនោះលាអ្នកតាព្រៃត្រលប់មកផ្ទះ ដោយចិត្តត្រេកអរ។ មកដល់ក្នុងភូមិ, បុរសនោះក៏ពិភាក្សាជាមួយនឹងមិត្តភក្តិរបស់គាត់។
បុរសអ្នកតម្បាញ៖ មើល៍… សម្លាញ់ជួយគិតគ្នាបន្តិចទៅមើល៍ថា តើខ្ញុំគួរសុំអ្វីពីអ្នកតាព្រៃ ត្បិតអីខ្ញុំបានជួបគាត់ ហើយគាត់ថានឹងអោយនូវអ្វីដែលខ្ញុំសុំគាត់។

មិត្តភក្តិ៖ ពិតមែន!!! ឯងសុំគាត់ធ្វើជាស្តេចផែនដីទៅ។ ឯងនឹងបាននៅក្នុងវាំងដ៏ធំ មានទ្រព្យសម្បត្តិមហាសាល ហើយមានអ្នកបំរើរាប់មិនអស់។ ហើយយើងក៏នឹងក្លាយជាមិត្តរបស់ស្តេច។
បុរសអ្នកតម្បាញ៖ គំនិតរបស់ឯងពិតជាល្អមែន!!! តែខ្ញុំនៅទៅពិភាក្សាជាមួយនឹងប្រពន្ធខ្ញុំសិន។

មិត្តភក្តិគាត់៖ មិនចាំបាច់ពិភាក្សាទេ… ធ្វើតាមគំនិតខ្ញុំទៅមិនខុសទេ។
បុរសអ្នកតម្បាញ៖ តែខ្ញុំមិនដែលលាក់ប្រពន្ធទេ។ មិនថារឿងតូច រឺធំទេ ខ្ញុំមិនអាចសម្រេចចិត្តតែម្នាក់ឯងបានទេ។

និយាយរួចបុរសនោះក៏លាមិត្តភក្តិគាត់ត្រលប់ទៅផ្ទះដើម្បីពិភាក្សាជាមួយនឹងប្រពន្ធ។

ប្រពន្ធ៖ បងឯងកុំជឿមិត្តបងឯងអី… ធ្វើស្តេចផែនដីអី ហត់នឿយខ្លាំងណាស់។ ការងារប្រទេសជាតិច្រើនណាស់ បើមិនចឹងអ្នកតាថែរក្សាព្រៃឈើនោះ គាត់មិនរត់ទៅរស់នៅក្នុងព្រៃទេ។ បងឯងសុំគាត់អោយថែមដៃ ២ និង ក្បាលមួយអោយបងទៀតមក។ ឃើញទេ បងមានតែដៃ ២ និងក្បាលមួយ ដូចសព្វថ្ងៃនេះ បងអាចត្បាញសំពត់បានតែមួយទេ។ បើបងមានដៃថែម ២ ទៀត បងនឹងអាចត្បាញបានមួយថ្ងៃ ២ សំពត់។ អ៊ីចឹងជីវភាពយើងនឹងធូរធារជាងនេះ។

បុរសនោះយល់ស្របតាមគំនិតរបស់ប្រពន្ធគាត់។ លុះស្អែកឡើងបុរសនោះក៏វិលត្រលប់ទៅជួបអ្នកតាព្រៃវិញ។
បុរសនោះសុំតាមអ្វីដែលប្រពន្ធរបស់គាត់ប្រាប់។ អ្នកតាព្រៃក៏ជប់ដៃពីរ និងក្បាល ១ អោយបុរសនោះ។
គាត់ក្លាយជាមនុស្សខ្លួនមួយ ជើង ២ ក្បាល ២ និងដៃ ៤។ គាត់អរណាស់។ ពេលដែលគាត់ត្រលប់មកផ្ទះ នៅតាមផ្លូវមនុស្សម្នាបានឃើញបុរសនោះហើយ នាំគ្នាផ្អើលរត់មកចោមរោមមើល។ អ្នកខ្លះស្រែកថាព្រាយ អ្នកខ្លះស្រែកថាមនុស្សចម្លែក អ្នកខ្លះស្រែកថាមនុស្សចង្រៃ អោយសម្លាប់ចោលទៅកុំទុកនាំចង្រៃដល់ភូមិទេ។ អ្នកភូមិនាំគ្នាវាយម្នាក់មួយដៃម្នាក់មួយជើង ទីបំផុតបុរសនោះក៏ស្លាប់បាត់បង់ជីវិតទៅ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial