ប្រធាន​ក្លិប​ Barcelona ពិចារណា​នាំ​ក្លិប​របស់​ខ្លួន​ចេញ​ពី​​ក្របខ័ណ្ឌ​ La Liga

ប្រធាន​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona លោក​ Josep Maria Bartomeu បាន​និយាយ​ថា​ក្លិប​របស់​​លោក​នឹង​ត្រូវ​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​នាំ​ក្លិប​​របស់​ខ្លួន​​ចាក​ចេញ​ពី​ក្របខ័ណ្ឌ​ La Liga ប្រសិន​បើ​រដ្ឋ​​ Catalonia ទទួលបានឯករាជ្យពីអេស្ប៉ាញ។

ការ​ធ្វើ​ប្រជា​មតិ​ទាមទារ​ឯករាជ្យ​របស់​ Catalan ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ខុស​ច្បាប់​​នោះ​ត្រូវ​បាន​រំខាន​​ដោយ​អំពើ​ហិង្សា​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ខណៈ​ដែល​ Barcelona ត្រូវ​បង្ខំ​ចិត្ត​ប្រកួត​ជាមួយ​ក្រុម​ Las Palmas នៅ​ឯ​កីឡដ្ឋាន​ Camp Nou ទាំង​មិន​មាន​អ្នក​ចូល​រួម​ទស្សនា​ ហើយ​ការ​ប្រកួត​នោះ​ដែរ​​​គឺ​​ពួក​គេ​បាន​ទទួល​ជ័យជម្នះ​ដោយ​លទ្ធផល​ ៣ ទល់នឹង​ ០ ទៅ​លើ​ Palmas ។

ហើយ​លោក​ Bartomeu បាន​ថ្លែង​ថា​អនាគរ​របស់​ Barcelona នៅ​ក្នុង​​​ La Liga បន្ត​ទៀត​ឬ​អត់​នឹង​ត្រូវ​បាន​ពិភាក្សា​ ប្រសិន​បើ​​រដ្ឋ​ Catalonia ទទួល​បាន​ឯករាជ្យ​។

“ឯករាជ្យ​មួយ​​មិន​ទាន់​កើត​ឡើង​នៅ​ឡើយ​មក​ទល់​ពេល​នេះ​។” ប្រធាន​ក្លិប​ខាង​លើ​បាន​មាន​ប្រសាសន៍​។ “ប៉ុន្តែ​​ទាក់ទង​នឹង​រឿង​ដែល​អាច​កើត​ឡើង​នា​ពេល​អនាគត​ វា​គឺ​ជា​អ្វី​ដែល​ក្រុម​ប្រឹក្សាភិបាល​នឹង​ពិភក្សា​គ្នា​។ វា​គឺ​ជា​រឿង​ដែល​ត្រូវ​វិភាគ​យ៉ាង​ស្ញៀម​ស្ងាត់​។”

“ប្រសិន​បើ​យើង​ពិគ្រោះ​គ្នា​អំពី​ប្រធាន​បទ​នេះ​យ៉ាង​ខ្លាំង​នោះ​ច្បាស់​ណាស់​យើង​នឹង​រក​ឃើញ​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​មួយ​។” លោក​ Bartomeu បាន​បន្ថែម​​។ “ប៉ុន្តែ​បើ​ឯករាជ្យ​​កើត​មាន​ឡើង​ នោះ​​ក្រុម​ប្រឹក្សាភិបាល​នឹង​​ចាំ​មើល​។”

Barcelona គឺ​​ជា​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ពាន​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​ La Liga ចំនួន​ ២៤ លើក​ ខណៈ​ដែល​​ក្រុម​យក្សស Real Madrid ដែល​​ជា​​គូ​ប្រជែង​ធំ​របស់​ពួក​គេ​នោះ​​ធ្លាប់​ឈ្នះ​ដល់​ទៅ​ ៣៣ លើក​ឯណោះ​។

Catalonia គឺ​ជា​សហគមន៍​ស្វ័យត​​មួយ​​ក្នុង​​ប្រទេស​អេស្ប៉ាញ​ដែល​មាន​ទីតាំង​នៅ​ចុង​ភាគ​ខាង​កើត​នៃ​ឧប​ទ្វីប​អាយបេរី​។

ប្រែសម្រួល ៖ អំពិលអំពែក
ប្រភព ៖ Goal និង​ Wikipedia

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial