Lacazette សារភាព​ថា​ខ្លួន​មាន​បំណង​បញ្ចុះ​បញ្ចូល​ Griezmann ឲ្យ​ផ្លាស់​មក​ Arsenal

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal កីឡាករ​ Alexandre Lacazette ត្រៀម​ជា​ស្រេច​ក្នុង​ការ​​ហៅ​មិត្ត​ល្អ​របស់​ខ្លួន​គឺ​កីឡាករ​ Antoine Griezmann ឲ្យ​មក​ចុះ​ចូល​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

Lacazette ជឿ​ជាក់​ថា​ទំនាក់​ទំនង​ជិត​ដិត​របស់​ខ្លួន​ជាមួយ​ Griezmann នឹង​អាច​ជួយ​គាត់​ឲ្យ​បញ្ចុះ​បញ្ចូល​មិត្ត​រួម​សញ្ជាតិ​​បារាំង​របស់​ខ្លួន​រូប​នេះ​ឲ្យ​ផ្លាស់​មក​កាន់​កីឡដ្ឋាន​ Emirates របស់​ Arsenal បាន​។

Griezmann ត្រូវ​បាន​​ផ្សា​ភ្ជាប់​យ៉ាង​ខ្លាំង​​ជាមួយ​នឹង​ការ​​ផ្លាស់​ទៅ​កាន់​ក្រុម​បិសាច​ក្រហម​ Manchester United អំឡុង​​​រដូវកាល​ដោះ​ដូរ​កីឡាករ​កន្លង​ទៅ​ ប៉ុន្តែ​​គាត់​បាន​​សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​​ក្រុម​ Atletico Madrid ទេ​ និង​បាន​ចុះ​ហត្ថលេខា​​បន្ត​កុងត្រា​​ថ្មី​បន្ថែម​ជាមួយ​​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​ថែម​ទៀត​ផង​។

តែ​ទោះ​បី​ជា​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន​ត្រូវ​បាន​ជាប់​កុងត្រា​ជាមួយ​ក្លិប​របស់​អេស្ប៉ាញ​ដល់​ឆ្នាំ​ ២០២២ យ៉ាង​ណា​ក្ដី​ ក៏​ Lacazette នៅ​តែ​មាន​បំណង​​ចង់​សួរ​ Griezmann ថា​តើ​គាត់​​​មាន​ចំណាប់​អារម្មណ៍​ចង់​ផ្លាស់​មក​លេង​ឲ្យ​ Arsenal ដែរ​ឬ​ទេ​នា​ពេល​អនាគត​។

“បាទ​! មែន​ហើយ​ Griezmann គឺ​ជា​មិត្ត​ល្អ​​របស់​ខ្ញុំ​។ យើង​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា​ និង​មាន​រឿង​លេង​សើច​ជាមួយ​គ្នា​ជា​ច្រើន​ផង​ដែរ​។” Lacazette បាន​​ប្រាប់​ទស្សនាវដ្ដី Match of the Day

គាត់​បាន​បន្ថែម​ទៀត​ថា​ ៖​ “ឈ្មោះ​ហៅ​ក្រៅ​របស់​ពួក​យើង​គឺ​ “Griezzy” និង​ “Lacaz”។ ហើយ​​ប្រសិន​បើ​ Griezzy (Griezmann) មក​​សួរ​សុខ​ទុក្ខ​ខ្ញុំ​នៅ​​ទីក្រុង​ឡុងដ៍​ នោះ​ខ្ញុំ​នឹង​​ហៅ​គាត់​​ឲ្យ​ចុះ​ចូល​ជាមួយ Arsenal ។”

Lacazette ខ្សែ​ប្រយុទ្ធ​វ័យ​ ២៦ ឆ្នាំ​រូប​នេះ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ Arsenal បាន​ ៤ គ្រាប់​ហើយ​ពី​ការ​បង្ហាញ​ខ្លួន ​៧ ប្រកួត​នា​រដូវកាល​នេះ​។

ប្រែសម្រួល​ ៖ អំពិលអំពែក
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial