ពាក្យ​មួយ​ឃ្លា​នេះ មាន​អត្ថន័យ​ជា​ប្រយោជន៍​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​អ្នក!!!

ពាក្យ​មួយ​ឃ្លានេះ មាន​អត្ថន័យ​ជា​ប្រយោជន៍​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​អ្នក “វិស្សាសភាព​មាន​រូប​បើ​យក​មក​អនុវត្តន៍​នឹង​មាន​ទោស វិស្សាស​ភាព​ជា​ស្រមោល​បើ​យក​មក​អនុវត្តន៍​នឹង​មាន​សេចក្តីសុខ”

ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ ប្រាកដ​ណាស់​ថា អ្នក​គ្រាន់តែ​អាន​មួយ​ត្រួស​នឹង​មិន​ទាន់​យល់​ពី​អត្ថន័យ​របស់​វា​នោះ​ទេ។ ពាក្យ​មួយ​ឃ្លា​ខាង​លើ​នេះ ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់ ក្នុង​ការ​ដាស់តឿន​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ម្នាក់ៗ​ឱ្យ​ទទួល​បាន​សេចក្តី​សុខ។ ពាក្យ​ថា”វិស្សាសភាព” មាន​ន័យ​ថា សេចក្តី​ស្មោះ​ត្រង់ ។ ដូច្នេះ​ឃ្លា វិស្សាសភាព​មាន​រូប​បើ​យក​មក​អនុវត្ត​នឹង​មាន​ទោស មាន​ន័យ​ថា នៅ​ក្នុង​ជីវិត​រស់នៅ​ប្រសិន​បើ​អ្នក​ធ្វើ​ខ្លួន​ជា​មនុស្ស ដែល​បង្ហាញ​ថា ខ្លួន​អ្នក​ពិត​ជា​មនុស្ស​ល្អ ជា​មនុស្ស​ស្មោះត្រង់​មិន​ចេះ​កេង​ប្រវ័ញ្ច ឬ​ពុក​រលួយ ដោយ​បើក​ចំហ​នៅ​គ្រប់​កាលៈទេសៈ ទោះ​បី​ជា​ស្ថានភាព​ណា​ក៏​អ្នក​នៅ​តែ​ប្រកាន់ និង​សម្តែង​ចេញ​នូវ​ភាព​ស្មោះត្រង់​រហូត​នោះ​ប្រាកដ​ណាស់​ថា អ្នក​នឹង​ជួប​នូវ​គ្រោះថ្នាក់​សេចក្តី​ទុក្ខ​សោក នៅ​ពេល​ណា​មួយ​ជា​ពុំខាន។

សេចក្តី​ស្មោះត្រង់ គឺ​ជា​តម្រូវ​ការ​របស់​មនុស្ស​មួយ​ក្រុម​ដែល​មិន​ចេះ​លោភ​លន់។ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ក្រុម ដែល​មាន​លោភលន់​នៅ​ក្នុង​ជីវិត​រស់នៅ គេ​ពុំ​ស្រេក​ឃ្លាន​នូវ​សេចក្តី​ស្មោះ​ត្រង់​ទេ។ ចំណែក​ឯ​ឃ្លា វិស្សាសភាព​ជា​ស្រមោល​បើ​យក​មក​អនុវត្ត​នឹង​មាន​សេចក្តី​សុខ មាន​ន័យ​ថា សេចក្តី​ស្មោះ​ត្រង់​ជួន​កាល​យើង​ពុំ​ចាំ​បាច់​បង្ហាញ​ចេញ​មក​ក្រៅ​ឱ្យ​អ្នក​ដទៃ​បាន​ឃើញ​នោះ​ទេ ដោយ​អ្នក​គ្រាន់តែ​ពេញ​ចិត្ត និង​អនុវត្តន៍​វា​នៅ​ក្នុង​ចិត្ត ឬ​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ឱ្យ​បាន​ល្អ​ទៅ​គឺ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ ប្រាកដ​ណាស់​ថា សេចក្តី​ស្មោះ វា​ជា​តម្លៃ​ដ៏​ល្អ ប៉ុន្តែ​អ្នក​គប្បី​យល់​នូវ​កាលៈទេសៈ​ឱ្យ​បាន​ច្បាស់ ក្នុង​ការ​យក​វា​មក​ប្រើ​ព្រោះ​ថា បើ​អ្នក​មាន​អំនូត​នឹង​ភាព​ស្មោះត្រង់​របស់​អ្នក​ពេក​វា​ក៏​ធ្វើ​ឱ្យ​អ្នក​វិនាស​ដែរ ព្រោះ​គ្មាន​នរណា​អាច​ដឹង​ច្បាស់​ពី​ចិត្ត​របស់​មនុស្ស​បាន​ឡើយ ប្រសិន​បើ​បុគ្គល​នោះ​មិន​ព្រម​និយាយ ឬ​សម្តែង​កាយ​វិការ​ចេញ​មក។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial