CEO ក្លិប​ Juventus គិត​ថា​ Liverpool នឹង​មិន​ចិត្ត​ងាយ​លក់​ Can ចេញ​ទេ​

នាយក​ប្រតិបត្តិ​របស់​ក្លិប​ Juventus លោក​ Giuseppe Marotta មិន​រំពឹង​ថា​​ក្លិប​របស់​ខ្លួន​នឹង​ធ្វើ​ការ​ដេញ​ថ្លៃ​​​​​ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ Emre Can របស់​ក្រុម​ហង្ស​ក្រហម​ Liverpool នា​​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​ទេ​។

Can ត្រូវ​បាន​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​គាត់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ផ្លាស់​ទៅ​កាន់​ទីក្រុង​តូរីន​ ខណៈ​ដែល​គាត់​មិន​ទាន់​យល់​ព្រម​​ក្នុង​ការ​បន្ត​កុងត្រា​របស់​ខ្លួន​ដែល​ត្រៀម​នឹង​ផុត​នា​ចុង​រដូវកាល​នេះ​នៅ​ឡើយ​។

តែ​ទោះ​បី​​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Marotta មិន​គិត​ថា​ Liverpool ចិត្ត​​ងាយ​ឲ្យ​កីឡាករ​​សំខាន់​របស់​ពួក​គេ​រូប​នេះ​ចាក​ចេញ​ទាំង​ពាក់​កណ្ដាល​រដូវកាល​បែប​នេះ​ទេ​។

“យើង​មិន​​គិត​ថា​យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ​នា​ខែ​មករា​ខាង​មុខ​។ យើង​មាន​ក្រុម​កីឡាករ​ដែល​​មាន​ភាព​ប្រកួត​ប្រជែង​រួច​ទៅ​​ស្រេច​ទៅ​ហើយ​។” នាយក​ប្រតិបត្តិ​របស់​ក្លិប​​នៃ​លីក​កំពូល​របស់​អ៊ីតាលី​រូប​នេះ​បាន​ថ្លែង​​ប្រាប់​​ Premium Sport។ “យើង​មាន​កីឡាករ​ ៣ រូប​នៅ​ក្នុង​តំបន់​បម្រើ​។ យើង​មាន​កីឡាករ​​វ័យ​ក្មេង​ ហើយ​យើង​មាន​ទំនុក​ចិត្ត​លើ​ពួក​គេ​។”

នៅ​ពេល​សាក​សួរ​អំពី​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ Can ពេល​នោះ​ លោក​ Marotta បាន​បន្ថែម​ថា​ ៖ “ខ្ញុំ​មិន​គិត​ថា​ Liverpool នឹង​ចង់​បាត់​បង់​កីឡាករ​សំខាន់​​រូប​នេះ​នោះ​ទេ​…។”

Can បាន​ផ្លាស់​ពី​ក្លិប​របស់​អាល្លឺម៉ង់​ Bayer Leverkusen មក​កីឡដ្ឋាន​ Anfield របស់​ Liverpool កាល​ពី​ឆ្នាំ​ ២០១៤ ហើយ​រដូវកាល​នេះ​គាត់​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​ឲ្យ​ Liverpool បាន​ ៩ ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន​ ២ គ្រាប់​ ដែល​ការ​បំប៉ើង​សំណាញ់​ទី​ទាំង​ ២ គ្រាប់​នេះ​បាន​ពី​ការ​ប្រកួត​ពាន​​រង្វាន់​ Champions Leahue ។

ប្រែសម្រួល ៖ អំពិលអំពែក
ប្រភព ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial