លះ​បង់​ឱ្យ​គេ​ច្រើន​ក៏​មិន​ប្រាកដ​ថា គេ​គោរព និង​ឱ្យ​តម្លៃ​យើង​ដែរ!!!

ការ​លះបង់​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តម្លៃ​នៃ​ភក្តីភាព​របស់​បុគ្គល​ម្នាក់ៗ​យ៉ាង​មហិមា។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​លះបង់ នោះ​ក៏​ព្រោះ​តែ​ស្រឡាញ់ៗ​ដោយ​ស្មោះ​ចេញ​ពី​ទឹក​ចិត្ត​ស្នេហា​យ៉ាង​ពុះ​កញ្ជ្រោល។

ស្រឡាញ់​មនុស្សម្នាក់​ដោយ​ស្មោះ​ប្រាកដ​ណាស់​ថា ពិត​ជា​ហ៊ាន​លះ​បង់​ឱ្យ​គេ​គ្រប់​យ៉ាង ​ទាំង​ការ​ស្រឡាញ់ ការ​យក​ចិត្ត​ទុកដាក់ ការ​បារម្ភ ភាព​ខ្វល់ខ្វាយ ពេល​វេលា ការ​មើល​ថែ ការផ្តល់​នូវ​តម្រូវការ​គ្រប់​យ៉ាង ជួនកាល​វា​អាច​ឈាន​ដល់ការ​លះ​បង់​ផ្នែក​ណា​មួយ​នៃ​រាង​កាយ ក៏​ដូចជា អាយុ​ជីវិត​ជា​ដើម​ដល់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។

ជា​ការ​ពិត​ការ​លះបង់​ចំពោះ​ក្តី​ស្រឡាញ់​ក្នុង​ន័យ ​ឬ​បរិបទ​ស្នេហា​យើង​សង្កេត​ឃើញ​ថា ​វា​ពិត​ជា​តម្លៃ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ទេ ព្រោះ​វា​បាន​បង្ហាញ និង​លាត​ត្រដាង​នូវ​បេះដូង​របស់​មនុស្ស​ម្នាក់​ឱ្យ​ពិភព​លោក​បាន​ដឹង​ថា គេ​ជា​មនុស្ស​ដែល​ស្មោះ ជា​មនុស្ស​ដែល​មាន​ក្តីស្រឡាញ់​ចំពោះ​មនុស្ស​តែ​ម្នាក់​ពិត​មែន ហើយ​គេ​ស័ក្តិសម​ណាស់​ដែល​ត្រូវ​ទទួល​បាន​ការ​តបស្នង។

ប៉ុន្តែ​ជួន​កាល​ការ​លះបង់​របស់​យើង​ចំពោះ​មនុស្ស​ម្នាក់ ដែល​យើង​ស្រឡាញ់​ក៏​មិន​ប្រាកដ​ថា គេ​បាន​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​យើង​នោះ​ដែរ ជួន​កាល​គេ​បែរ​ជា​យល់ថា វា​គ្មាន​តម្លៃអី​បន្តិច​សោះ​ឡើយ ហើយ​ជួន​កាល​គេ​ទៅ​ជា​គិត​ថា យើង​រំខាន ​យើង​សាំ គួរ​ឱ្យ​ស្អប់​ទៅ​វិញ។ ការ​លះបង់​ឱ្យ​គេ​អស់​ពី​ពោះ វា​នឹង​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់ ​ព្រោះ​ជួន​កាល​គេ​មិន​បាន​គិត​ផ្តល់​តម្លៃ​ឱ្យ​យើង​នោះ​ទេ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial