របួស​ Pogba ត្រូវ​ការ​ពេល​វេលា​ព្យាបាល​យូរ​

របួស​សរសៃ​ពួរ​របស់​​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម​ Manchester United កីឡាករ​ Paul Pogba នឹង​ធ្វើ​ឲ្យ​គាត់​ត្រូវ​នៅ​ក្រៅ​ទីលាន​ប្រកួត​រយៈ​ពេល​យូរ​។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​ Jose Mourinho គ្រូ​បង្វឹក​របស់​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ​បាន​រង​របួស​ អំឡុង​ពេល​ Man Utd ប្រកួត​ឈ្នះ​ Basel ក្នុង​ជំនួប​ពាន​រង្វាន់​ Champions League វគ្គ​​ចែក​ពូល​កាល​ពី​​​ថ្ងៃ​ទី​ ១២ កញ្ញា​កន្លង​ទៅ​ ខណៈ​ដែល​គាត់​អាច​នឹង​ត្រូវ​អវត្តមាន​ចន្លោះ​ពី​​មួយ​ខែ​ទៅ​ ៦ សប្ដាហ៍​។

យ៉ាង​ណា​មិញ​លោក​ Mourinho មិន​បាន​ផ្តល់​ឲ្យ​នូវ​ពេល​វេលា​ជាក់​លាក់​ណា​មួយ​​ទាក់ទង​នឹង​​ការ​វិល​ត្រឡប់​របស់​ Pogba នោះ​ឡើយ​ ប៉ុន្តែ​គាត់​​បែរ​ជា​សង្ឃឹម​ច្រើន​ទៅ​លើ​ការ​ជា​សះ​ស្បើយ​របស់​ខ្សែ​ការពារ​ Phil Jones និង​ Antonio Valencia ទៅ​វិញ​។

“ខ្ញុំ​មិន​អាច​មាន​ការ​សង្ឃឹម​ទុក​បាន​ទេ​​ ដូច​ជា​ Jones និង​ Valencia ដែល​ខ្ញុំ​អាច​ឃើញ​ពួក​គេ​​នៅ​ទីលាន​ហ្វឹក​ហាត់​ ហើយ​ខ្ញុំ​សង្ឃឹម​​សម្រាប់​ចម្លើយ​វិជ្ជមាន​មួយ​។” Mourinho បាន​មាន​ប្រសាសន៍​។

ដោយ​ឡែក​ខ្សែ​បម្រើ​ Michael Carrick និង​ Marouane Fellaini ក៏​ត្រៀម​នឹង​អវត្តមាន​​ដូច​ Pogba ផង​ដែរ​ នៅ​ពេល​ Man Utd បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford ទទួល​ស្វាគមន៍​ក្រុម​ Crystal Palace ក្នុង​ជំនួប​ពាន​លីក​កំពូល​របស់​អង់គ្លេស​​នា​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial