Bayern Munich បណ្ដេញ​​ Ancelotti ចេញ​ ក្រោយ​ចាញ់​​ Paris ៣-០

លោក​ Carlo Ancelotti ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់ការ​ទូទៅ​ និង​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ខ្លាំង​នៅ​អាល្លឺម៉ង់​ Bayern Munich ។

បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​អ្នក​មាន​របស់​បារាំង​ Paris St Germain លត់​ដោយ​លទ្ធផល​ ៣ ទល់នឹង​ ០ ក្នុង​ជំនួប​ពាន​រង្វាន់​ Champions League វគ្គ​ចែក​ពូល​កាល​ពី​ថ្ងៃ​​ពុធ​កន្លង​​ទៅ​ ក្រុម​ប្រឹក្សាភិបាល​របស់​ Bayern Munich ក៏​បាន​សម្រេច​ចិត្ត​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​​ដែល​ចូល​មក​​ដឹកនាំ​ជំនួស​លោក​ Pep Guardiola រូប​នេះ​ចេញ​តែ​ម្ដង​។

ហើយ​លោក​ Willy Sagnol នឹង​ត្រូវ​បាន​ឡើង​កាន់​តំណែង​​ជំនួស​អតីត​គ្រូបង្វឹក​ក្រុម​យក្សស Real Madrid រូប​នេះ​បណ្ដោះអាសន្ន​សិន​​។

Ancelotti បាន​ជួយ​ឲ្យ​ Bayern ឈ្នះ​ពាន​ក្នុង​លីក​កាល​ពី​រដូវកាល​មុន​ អំឡុង​ពេល​រដូវកាល​ដំបូង​ក្រោម​ការ​ដឹកនាំ​​របស់​គាត់​ ដោយ​ឡែក​​ ៦ ប្រកួត​​ចុង​ក្រោយ​​​នៅ​ក្នុង​លីក​រដូវកាល​ថ្មី​ និង​ក្រោម​ការ​ដឹកនាំ​របស់​គាត់​គឺ​ Bayern ទើប​តែ​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ​ ដោយ​ឈ្នះ​ ៤ និង​​​ស្មើ​​មួយ​ និង​កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ៣ ក្នុង​តារាង​​នៃ​ក្របខ័ណ្ឌ​ Bundesliga ។

“ការ​ប្រកួត​របស់​ក្រុម​ពួក​យើង​ចាប់​តាំង​ពី​បើក​រដូវកាល​ថ្មី​មក​គឺ​មិន​ដូច​​ការ​រំពឹង​ទុក​​ដែល​យើង​ដាក់​ទៅ​ឲ្យ​ពួក​គេ​ទាល់​តែ​សោះ​។” លោក​ Karl-Heinz Rummenigge ប្រធាន​​នាយក​​ប្រតិបត្តិ​របស់​ក្លិប​ Bayern Munich បាន​មាន​ប្រសាសន៍​។ “ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ Ancelotti សម្រាប់​ការ​សហការ​របស់​គាត់​។ គាត់​គឺ​ជា​មិត្ត​​មួយ​រូប​របស់​ខ្ញុំ​ ហើយ​នឹង​នៅ​តែ​ជា​​មិត្ត​របស់​ខ្ញុំ​ដដែល​ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​លក្ខខណៈ​អាជីព​មួយ​។ ហើយ​ការ​ប្រកួត​​នៅ​ទីក្រុង​ប៉ារីស​កន្លង​មក​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​យើង​ត្រូវ​ជួប​ផល​វិបាក​។”

Ancelotti ដែល​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ​ Chelsea, PSG, ក្រុម​យក្សស Real Madrid និង​ AC Milan រូប​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​ Champions League ចំនួន​ ៣ ដង​រួច​មក​ហើយ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​របស់​គាត់​ ដោយ​ធ្លាប់​ឈ្នះ​ ២ ដង​ជាមួយ​ AC Milan និង​ម្ដង​ទៀត​ជាមួយ​ Real Madrid នៅ​ក្នុង​ឆ្នាំ​ ២០១៤ ។

“វា​គឺ​ជា​កិត្តិយស​ខ្លាំង​ណាស់​ក្នុង​ការ​បាន​ក្លាយ​ជា​ផ្នែក​មួយ​របស់​ប្រវត្តិសាស្ត្រ​ក្លិប Bayern Munich ។ ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ក្លិប​, កីឡាករ​ទាំង​អស់​ និង​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​​ក្លិប​មួយ​នេះ​ផង​ដែរ​។” បុរស​វ័យ​ ៥៨ ឆ្នាំ​រូប​នេះ​បាន​សរសេរ​នៅ​ទំព័រ​បណ្ដាញ​សង្គម​ Twitter ក្រោយ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial