Aguero បាន​រង​របួស​នៅ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ហូឡង់​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​មេឃ​ខៀវ​ Manchester City គឺ​កីឡាករ​ Sergio Aguero បាន​រង​របួស​​នៅ​ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​​ទីក្រុង​ Amsterdam ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កីឡាករ​រូប​នេះ​ត្រលប់​មក​ពី​​ចូល​រួម​ការ​ប្រគុំ​តន្ត្រី​មួយ​នៅ​ទីនោះ​។

កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ វ័យ​ ២៩ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​អំឡុង​ពេល​កើត​ហេតុ​នោះ​គឺ​​​​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​​ព្រលាន​យន្ត​ហោះ​​ដោយ​ជិះ​តាក់ស៊ី​ បន្ទាប់​ពី​​ត្រលប់​ពី​មើល​ការ​សម្ដែង​របស់​តារា​ចម្រៀង​ Maluma ។

Aguero ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រលប់​ទៅ​កាន់​ទីក្រុង​ Manchester វិញ​នា​ថ្ងៃ​សុក្រ​នេះ​ ហើយ​គាត់​នឹង​ត្រូវ​បាន​ពិនិត្យ​ដោយ​ក្រុម​គ្រូ​ពេទ្យ​​របស់​​ក្លឹប​ Man City មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​ក្រុម​​តោ​ខៀវ​ Chelsea នៅ​ថ្ងៃ​សៅរ៍​ក្នុង​ជំនួប​នៃ​ពាន​រង្វាន់​លីក​កំពូល​របស់​អង់គ្លេស​។

ប៉ូលិស​​ប្រចាំ​នៅ​ទីក្រុង​ Amsterdam បាន​បញ្ចាក់​ប្រាប់​ BBC ថា​​មាន​មនុស្ស​ ២ នាក់​​​​នៅ​ក្នុង​តាក់ស៊ី​ អំឡុង​ពេល​គ្រោះ​នោះ​​ដែល​បាន​កើត​ឡើង​នៅ​តំបន់​ De Boelelaan នៃ​ទីក្រុង​ Amsterdam ប្រទេស​ហូឡង់​។

រដូវកាល​នេះ​ Aguero រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៧ គ្រាប់​ហើយ​ពី​ការ​បង្ហាញ​ខ្លួន​ ៨ ប្រកួត​ឲ្យ​ Man City និង​ជួយ​ឲ្យ​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ Pep Guardiola នេះ​ឈរ​លើ​កំពូល​តារាង​ចំណាត់​នៃ​ក្របខ័ណ្ឌ​ Premier League និង​ទទួល​បាន​ជ័យ​ជម្នះ​ ២ ប្រកួត​ដំបូង​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Champions League វគ្គ​ចែក​ពូល​។

​ប្រែសម្រួល ៖ អំពិលអំពែក
ប្រភព ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial