មនុស្សស្រី ហេតុអ្វី​មាន​ចិត្តស្មោះ​ជាង​មនុស្ស​ប្រុស?

ជា​ទូទៅ​គេ​តែង​តែ​សង្កេត​ឃើញ​ភាព​សាវា តែង​តែ​កើត​ចេញ​ពីភាគី​បុរស​ច្រើន​ជាង​នារី។ ហើយ​ចំពោះ​បុរស​មួយ​ចំនួន ទោះ​បី​មាន​គ្រួសារ​ហើយ ក៏​ដោយ​ក៏​នៅ​តែ​មាន​ចិត្ត​លួច​មាន​ស្រីក្រៅ​រហូត​ជួន​កាល ធ្វើ​ឱ្យ​មនុស្សស្រី​ដែល​ជា​ប្រពន្ធ​រង​នូវ​សេចក្តី​ឈឺ​ចាប់​ទាំង​កាយ​ទាំង​ចិត្ត។

ហើយ​នៅ​ក្នុង​សង្គម គឺ​គេ​តែង​តែ​ឱ្យ​តម្លៃ​នៃ​ភាព​ស្មោះត្រង់​របស់​មនុស្សស្រី គឺ​មាន​ទំហំ​ធំធេង​ជាង​បុរស ព្រោះ​មនុស្សស្រី​ប្រៀប​ដូច​ជា​ផ្កា អាច​ស្រស់ស្អាត​នឹង​មាន​សម្រស់​តែ​មួយគ្រា​នោះ​ទេ តែ​បើ​នាង​មាន​កន្លង់​មក​ក្រេប​លំអង​ផ្កា​ហើយ​នោះ នាង​នឹង​លែង​មាន​សម្រស់​ដូច​មុន​ទៀត​ហើយ ដោយ​នាង​មិន​អាច​មាន​ភាព​ឆើតឆាយ​ទាក់ទាញ​សត្វ​ល្អិត​ទាំង​ឡាយ​បាន​នោះ​ទេ ហើយ​បើ​និយាយ​ពី​មនុស្ស​ស្រី នៅ​ពេល​មាន​ប្តី នាង​ស្រឡាញ់​ប្តី​នាង​តែ​ម្នាក់​គត់ នៅ​ក្នុង​ជីវិត​ព្រោះ​នាង​គិត​ពី​គ្រួសារ​នាង​ស្រឡាញ់​គ្រួសារ​ស្មើ​ជីវិត។

មិន​តែ​ប៉ុណ្ណោះ​ទេ ដូច​មាន​ចម្រៀង​មួយ​បទ​បាន​ច្រៀង ហើយ​លើក​យក​ឃ្លាមួយ​មក​បង្ហាញ​ថា “ជា​ស្រ្តី​មាន​បេះដូង​ពិត បើ​ស្នេហ៍​ធ្លាប់​ស្និទ្ធចិត្ត​មិន​ប្តូរ​ប្រួលប្រែ បើ​ស្នេហ៍​ក្បត់​ហើយ​ឈឺ​ឥត​ស្បើយ​ត្រាណ​ត្រើយ​ដឹង​ទេ កាយ​ស៊ូ​នៅ​ទំនេរ​គ្មាន​ទេ​លើក​ទីពីរ” នៅ​ក្នុង​អត្ថន័យ​នៃ​ឃ្លា​ចម្រៀង​នេះ​ផង​ដែរ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា មនុស្សស្រី​ស្រឡាញ់​មិន​ចេះ​ប្រែប្រួល​មិន​ចេះ​ធុញ ហើយ​បើ​ស្នេហា​បោកប្រាស់នាង នាង​នឹង​ឈឺចាប់​ខ្លាំង មិន​តែ​ប៉ុណ្ណោះទេ ចំពោះ​មនុស្សស្រី​មួយ​ចំនួន​ធំ​នាង​នឹង​មិន​យក​បុរស​ទីពីរ​មក​ជំនួស​ប្តី​នាង​នោះ​ទេ នៅ​ពេល​ណា​មួយ​នាង​បាត់បង់​ប្តី ឬ​ប្តី​ស្លាប់​ចោល​ពោល​គឺ​នាង​សុខចិត្ត​នៅ​ម៉េម៉ាយ​ចិញ្ចឹម​កូន​អស់​មួយ​ជីវិត។ សង្គម​បាន​ឱ្យ​តម្លៃ​នៃ​ភាព​ស្មោះត្រង់​របស់​មនុស្សស្រី​ខ្លាំង​បំផុត ស្រ្តី​មិន​អាច​យក​ប្តី ឬ​សង្សារ​ពីរ​ក្នុង​ពេល​តែ​មួយ​បាន​ទេ បើ​នាង​ធ្វើ​បែប​នេះ​បាន​សង្គម​នឹង​និន្ទា​ថ្កោលទោស​នាង​អស់​មួយ​ជីវិត​តាម​រយៈ​ការ​សើច​ចំអក​ការ​ពេប​ជ្រាយ​ពី​សង្គម​មនុស្ស​ជុំវិញ​ខ្លួន​នាង។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial