ការ​ត្រឡប់​ទៅ​រក​ស្នេហ៍​ចាស់ ប្រៀប​ដូច​ត្រឡប់​ទៅ​អាន​សៀវភៅ​ដែល​ធ្លាប់​បាន​អាន​រួច​ម្តង​មក​ហើយ!!!

ការ​ត្រឡប់​ទៅ​រក​ស្នេហ៍​ចាស់ ប្រៀប​ដូច​ត្រឡប់​ទៅ​អាន​សៀវភៅ​ដែល​ធ្លាប់​បាន​អាន​រួច​ម្តង​មក​ហើយ ដែល​យើង​ដឹង​មុន​ហើយ​ថា អត្ថន័យ និង​ទីបញ្ចប់​របស់​វា​មាន​សភាព​បែប​ណា​នោះ!!!

ស្នេហា​ចាស់ គឺ​ជា​ស្នេហា​ដែល​ធ្លាប់​បាន​កើត​មាន​រូបរាង​ឡើង​ម្តង​មក​ហើយ ហើយ​ក៏អាច​ហៅ​វា​ថា ជា​ស្នេហ៍​អតីត​ផង​ដែរ។ នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ មាន​មនុស្សខ្លះ​បាន​ត្រឡប់​ទៅ​រក​ស្នេហា​ចាស់​របស់​ខ្លួន​ម្តង​ទៀត ដោយ​ពួក​គេ​មិន​ទាន់​ដាច់​អាល័យ នៅ​មាន​មនោ​សញ្ចេតនា​នឹង​គ្នា ឬ​យើង​អាច​និយាយ​បាន​ថា ដោយ​ហេតុ​ពួក​គេ​មិន​ទាន់​អស់​កម្ម​នឹង​គ្នា​នេះ បើ​តាម​ជំនឿ។

អ្នក​ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ស្នេហា​មួយ​គ្រា​កន្លង​របស់​ខ្លួន ហើយ​បាន​បាត់បង់​វា​ទៅ​វិញ​ក្នុង​រយៈពេល​ណា​មួយ ពេល​នោះ​ប្រាកដ​ណាស់​ថា គេ​ពិត​ជា​ទទួល​បាន​បទ​ពិសោធ​ជា​ច្រើន​ពី​ស្នេហា​របស់​ខ្លួន​នោះ គេ​ដឹង​ថា គេ​បាន​ឆ្លងកាត់​អ្វីខ្លះ មនុស្ស​ដែល​គេ​កាន់​ដៃ​ដើរ​នោះ ជា​មនុស្ស​បែប​ណា មាន​ចិត្ត​គំនិត​បែប​ណា ហើយ​គេ​បាន​ជួប​នូវ​រឿង​រ៉ាវ​អ្វីខ្លះ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​មួយ​នោះ។

ជា​ការ​ពិត​ណាស់ បើ​អ្នក​ធ្លាប់​ចែក​ផ្លូវ​គ្នា ក្នុង​រឿង​ស្នេហា ហើយ​អ្នក​ចង់​ត្រឡប់​ក្រោយ​ងាក​ទៅ​រក​វា​វិញ វា​ប្រៀប​បាន​នឹង​អ្នក​ត្រឡប់​ទៅ​អាន​សៀវភៅ ដែល​អ្នក​ធ្លាប់​បាន​អាន​ហើយ ហើយ​អ្នក​ពិត​ជា​ដឹង​ថា សៀវភៅ​នោះ​និយាយ​ពី​អ្វី គេ​បញ្ចប់​ខ្លឹមសារ​វា​បែប​ណា? ចំណែក​ឯ​ស្នេហា​របស់​អ្នក​ក៏​ដូច​គ្នា អ្នក​នឹង​យល់​ថា អ្នក​នឹង​ជួប​នូវ​រឿង​អ្វីខ្លះ? ហើយ​រឿង​ទាំង​នោះ ក៏​ប្រហែល​ជា​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដដែលៗ ដូច​តែ​មុន​ដែរ ព្រោះ​ថា វាធ្លាប់​កើត​រួច​ម្តង​ហើយ ហើយ​វា​នឹង​កើត​ឡើង​ម្តងទៀត ប្រសិន​បើ​អ្នក​មិន​បាន​ចាប់​អារម្មណ៍ ហើយ​កែ​តម្រូវ និង​សិក្សា​ពី​កំហុស​ឆ្គង​ទាំង​នោះ​សារ​ជា​ថ្មី។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial