រឿងអប់រំខ្លី៖ បុរសកសិករ និងប្រពន្ធក្មេង

មានបុរសចំណាស់ម្នាក់ជាកសិកររស់នៅក្នុងភូមិមួយ។ គាត់មានប្រពន្ធម្នាក់ដ៏ស្រស់ស្អាតបំផុត ហើយក៏ក្មេងវ័យផងដែរ។​ ភរិយាវ័យក្មេងរូបនោះតែងតែប្រាថ្នាចង់រស់នៅជាមួយនឹងជីវិតដ៏រីករាយ ដោយភាពស្រស់បំព្រង និង មានលុយចាយវាយទិញសម្លៀកបំពាក់ស្អាតៗ។ ប៉ុន្តែដោយសារតែអាយុចាស់ និង សុខភាពកាន់តែចុះខ្សោយនោះ ទើបធ្វើអោយបុរសចំណាស់ពិបាកក្នុងការចាកចេញពីផ្ទះ ហើយមិនអាចរកប្រាក់ចំណូលបានច្រើនតាមដែលត្រូវការ។

ថ្ងៃមួយ, ប្តីប្រពន្ធក្រីក្រនោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយប្រពន្ធក៏បានរត់ចេញពីផ្ទះ។ ខណៈពេលនោះមានបុរសម្នាក់ទំនងជាអ្នកមានស្តុក្ភស្តម្ភ បានស្តាប់លឺការឈ្លោះប្រកែករវាងប្តីប្រពន្ធនោះ ហើយបានឃើញនាងរត់ចេញពីផ្ទះជាមួយនឹងទឹកភ្នែក។ ដោយភាពខិលខូលរបស់បុរសអ្នកមាននោះ, គាត់ក៏រត់តាមពីក្រោយនាង ហើយបានដើរទៅជិតនាង រួចនិយាយជាមួយនាងថា,
«អ្នកនាង, ខ្ញុំបានស្តាប់លឺការឈ្លោះប្រកែករវាងអ្នកជាមួយនឹងប្តីចាស់របស់អ្នក។ អ្នកគឺជានារីដ៏ស្រស់ស្អាត ហើយនៅក្មេងទៀត។ ហេតុអ្វីបានជាទ្រាំរស់នៅជាមួយប្តីចាស់ ដែលមិនអាចបំពេញតាមបំណងរបស់អ្នកបាន? ខ្ញុំគឺបុរសពោះម៉ាយកំពុងស្វែងរកប្រពន្ធ។ ខ្ញុំមានប្រាក់ច្រើនណាស់ ប៉ុន្តែគ្មានអ្នកចាយជាមួយនោះទេ។ ដូច្នេះហេតុអ្វីបានជាអ្នកមិនចាកចេញពីប្តីចាស់របស់អ្នក ហើយមករស់នៅជាមួយខ្ញុំនៅទីក្រុងទៅ? យើងនឹងចាប់ផ្តើមជីវិតថ្មីដែលល្អជាមួយគ្នា»។

ពេលដែលបានស្តាប់លឺ បុរសពោះម៉ាយម្នាក់នោះនិយាយបែបនេះរួច, នារីវ័យក្មេងក៏ព្រមព្រៀងយ៉ាងងាយស្រួល។ នៅយប់នោះនាងបានប្រមូលសម្លៀកបំពាក់ដែលថ្មីៗរបស់នាង និងគ្រឿងអលង្ការ ព្រមទាំងលុយកាក់មួយចំនួន ដើម្បីចាកចេញទៅរស់នៅជាមួយបុរសពោះម៉ាយនៅឯទីក្រុង។

ព្រលឹមស្រាងៗឡើង, ពួកគេក៏ទៅដល់ទន្លេជាយក្រុង។ បន្ទាប់មកបុរសពោះម៉ាយក៏បាននិយាយទៅកាន់នាងថា,
«អូនសម្លាញ់, សូមចាំបងនៅទីនេះនៅលើច្រាំងទន្លេនេះ។ បងនឹងហែលទៅត្រើយម្ខាង ដើម្បីទៅរៀបចំទូកមួយដើម្បីចម្លងយើងទៅ។ ប្រគល់គ្រឿងអលង្ការ និងប្រាក់របស់អូនអោយមកបង ព្រោះបងខ្លាចពេលដែលអូននៅឈរចាំបងតែម្នាក់ឯង, ពួកចោរនឹងមកប្លន់អូនណា»។

នារីវ័យក្មេងក៏ប្រគល់បង្វិចគ្រឿងអលង្ការ និង ប្រាក់អោយទៅបុរសពោះម៉ាយ។ ពេលដែលគាត់ទទួលបង្វិចពីនាងហើយ គាត់ក៏ចាកចេញដោយទុកអោយនាងនៅលើច្រាំងតែម្នាក់ឯង។ បុរសកំហូចទទួលបានអ្វីដែលគាត់ចង់បានហើយ ដូច្នេះគាត់មិនត្រលប់មកវិញនោះទេ។

នារីវ័យក្មេងរង់ចាំបុរសពោះម៉ាយរហូតដល់ថ្ងៃត្រង់ ប៉ុន្តែនៅតែមិនឃើញស្រមោលបុរសនោះត្រលប់មកវិញ។ នាងអស់សេចក្តីអំនត់ក្នុងការរង់ចាំបុរសនោះហើយ។ ពេលនោះស្រាប់តែនាងបានឃើញកញ្ជ្រោងមួយ បានដើរមកដល់ច្រាំងទន្លេដោយមាន ពាំសាច់មួយដុំយ៉ាងធំនៅក្នុងមាត់។ ពេលដែលកញ្ជ្រោងបានឃើញត្រីមួយធំនៅក្នុងទន្លេ, កញ្ជ្រោងមានសេចក្តីលោភលន់ក៏ទំលាក់សាច់ពីក្នុងមាត់ចេញ ហើយស្ទុះហក់ចូលទៅក្នុងទឹកដើម្បីចាប់ត្រី។ សត្វស្ទាំងឃើញដូច្នេះក៏ឆ្មក់ចឹកសាច់ ហើយពាំហោះទៅឆ្ងាយទៅ។ ដោយសារតែសត្វស្ទាំងទទះស្លាបធ្វើអោយផ្អើលដល់ត្រី ទើបធ្វើអោយត្រីស្ទុះភៀសខ្លួនចូលទៅក្នុងទឹកយ៉ាងជ្រៅ។ ទីបំផុតកញ្ជ្រោងគ្មានសល់អ្វីសម្រាប់ស៊ីនោះទេ។

ឃើញដូច្នេះនារីវ័យក្មេងសើច ហើយនិយាយឡើងថា, «ឯងពិតជាឆ្កួតមែន, ឥលូវនេះឯងគ្មានទាំងត្រី និងសាច់ដើម្បីស៊ីនោះទេ»។
ស្រាប់តែពេលនោះនាងភ្ញាក់ខ្លួនព្រឺត ហើយនឹកគិតថា, «ឳ, អញអើយ! អញក៏មិនខុសអីពីសត្វកញ្ជ្រោងនេះដែរ។ អញបាត់បង់អស់គ្រប់យ៉ាងហើយពេលនេះ។ អញបាត់បង់ទាំងប្តី, ទាំងមនុស្សដែលស្រលាញ់អញ ហើយសូម្បីតែប្រាក់ និងគ្រឿងអលង្ការអញដែលខំសន្សំនោះ ក៏ត្រូវបាត់បង់ដោយសារតែចាញបោកសម្តីមនុស្សទុច្ចរិត។ ពេលនេះគ្មានអ្នកណាអាណិតអញនោះទេ»។

សេចក្តីលោភលន់ចង់បានប្រាថ្នាហួសមាឌ អាចនាំអោយអ្នកបាត់បង់អ្វីៗគ្រប់យ៉ាង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial